
អាជ្ញាធរត្រួតពិនិត្យការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតរបស់ឥណ្ឌូនេស៊ី បានស្នើឱ្យបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីសម្រេចផែនការដ៏មហិច្ឆតាក្នុងការប្រែក្លាយប្រទេសដែនកោះដ៏ធំមួយនេះទៅជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់បច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើយោងតាមឯកសារផែនការយុទ្ធសាស្ត្រកម្រាស់១៧៩ទំព័ររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ី ដែលលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន នឹងបញ្ចេញផែនទីបង្ហាញផ្លូវថ្នាក់ជាតិដំបូងរបស់ខ្លួនស្ដីពីផែនការ AI ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស ខណៈដែលខ្លួនចង់ចូលរួមក្នុងការប្រកួតប្រជែងផលិត AI និងបន្ទះឈីបក្នុងកម្រិតពិភពលោក។
ជាការកត់សម្គាល់នៅក្នុងការប្រកួតប្រជែងនេះ ឃើញថា ម៉ាឡេស៊ី ដែលជាប្រទេសជិតខាតរបស់ឥណ្ឌូនេស៊ី ទទួលបានទុនវិនិយោគច្រើនពាន់លានដុល្លារអាម៉េរិក ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ដែលស្វះស្វែងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបំពេញតម្រូវការសេវាកម្ម Cloud និងសេវាបច្ចេកវិទ្យា AI ដែលកំពុងកើនឡើង៕
ដោយ: តែម សុខុម