
អ្នកវិភាគនៅធនាគារខ្នាតយក្សរបស់អាម៉េរិក JPMorgan បានលើកឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា គោលនយោបាយពាណិជ្ជកម្ម ជាពិសេសពន្ធបដិការរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងក្លាយជាមូលហេតុចម្បងក្នុងការទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យអត្រាអតិផរណានៅសហរដ្ឋអាម៉េរិកមានការកើនឡើង។ កត្តានេះបានជំរុញឱ្យធនាគារនេះ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក មកនៅត្រឹម១,៣% នៅឆ្នាំនេះ ទាបជាងអ្វីដែលខ្លួនបានព្យាករកាលពីដើមឆ្នាំ ដែលរំពឹងសម្រេចក្នុងរង្វង់២%។
ធនាគារខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិកនេះ បានសង្កត់ធ្ងន់ថា ការជំរុញឱ្យមានស្ថិរភាពសេដ្ឋកិច្ច និងអតិផរណានៅសហរដ្ឋអាម៉េរិក មានទំនាក់ទំនងយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បានឡើយពីគោលនយោបាយពន្ធ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ JPMorgan បានអះអាងថា បញ្ហាសេដ្ឋកិច្ចមានកំណើនយឺត និងកម្រិតអតិផរណាខ្ពស់នៅសហរដ្ឋអាម៉េរិក ធ្លាប់កើតមានតាំងពីទស្សវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ។
ដោយឡែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ការកំណត់ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ វានឹងជំរុញឱ្យតម្លៃទំនិញកើនឡើង ហើយអ្នកលក់រាយនឹងប្រឈមមុខនឹងបញ្ហាកំណត់តម្លៃ ដែលសមស្រប ដើម្បីធានារនិរន្តភាពទីផ្សារ ប៉ុន្តែជាទូទៅក្រុមអ្នកលក់រាយ ក៏ប្រឈមមុខនឹងបញ្ហានេះខ្លាំងផងដែរ៕
ដោយៈ សរ សុជាតិ