អាកាសយានដា្ឋនអន្តរជាតិភ្នំពេញ​

រដ្ឋាភិបាលនឹងបើកឱ្យពលរដ្ឋចូលលេងកម្សាន្តក្នុងអាកាសយានដា្ឋនអន្តរជាតិភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ


​​រាជរដ្ឋាភិបាលកម្ពុជានឹងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាសួនសាធារណៈ​ឱ្យពលរដ្ឋចូលទស្សនាកម្សាន្ត ហាត់ប្រាណ និងលេងកីឡាដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្ម នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានតម្លៃជាប្រវត្តិសាស្ត្រ។
អាកាសយានដា្ឋនអន្តរជាតិភ្នំពេញ​
ដោយ

នៅក្នុងរយៈពេល៩ថ្ងៃ នៃការបើកដំណើរការសាកល្បងនេះ ពលរដ្ឋអាចដើរទស្សនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបម្រើឱ្យហោះហើរ និងចុះចតរបស់យន្តហោះ។ យ៉ាងណាមិញរដ្ឋាភិបាលហាមដាច់ខាតមិនឱ្យមានការលក់ដូរ មិនឱ្យមានការយកចូល និងពិសាគ្រឿងស្រវឹង និងមិនឱ្យមានការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានា។

ក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៦ ខែមេសា ថា រាជរដ្ឋាភិបាលនឹងបើកឱ្យពលរដ្ឋចូលទស្សនា និងលេងកម្សាន្តក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ដោយសេរីរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ នៅក្នុងអំឡុងពេលបើកដំណើរការសាកល្បងជាសួនសាធារណៈនេះ ពលរដ្ឋអាចចូលទស្សនាតំបន់ និងអគារជាច្រើនដូចជាអគារផ្លិត និងប៉មបញ្ជាហោះហើរ ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរ VIP, ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។ លើសពីនេះ រាជរដ្ឋាភិបាល នឹងតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗ ដែលមានរូបភាពជាល្បែងប្រពៃណី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ដើម្បីឱ្យដំណើរការបើកសាកល្បងនេះប្រព្រឹត្តទៅដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងធានានូវសោភណភាពល្អជូនប្រជាពលរដ្ឋ ក.ស.អ. ណែនាំឱ្យពលរដ្ឋចូលកម្សាន្តដោយថ្មើរជើងចេញចូលតាមច្រក វីអាយភី រីឯពលរដ្ឋចូលកម្សាន្តតាមរយៈមធ្យោបាយដូចជាកង់ ម៉ូតូ ឡាន ត្រូវចេញចូលតាមច្រកអគារ Terminal។ ជាមួយគ្នានេះ ក.ស.អ ស្នើឱ្យពលរដ្ឋចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងធុងសំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ជាពិសេសពលរដ្ឋត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមស្លាកសញ្ញា និងការណែនាំសម្រាប់គ្រប់បរិវេណដែលហាមឃាត់។

អ្វីដែលសំខាន់នោះ គឺ ក.ស.អ ហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូលនិងពិសាគ្រឿងស្រវឹង និងមិនឱ្យមានការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានាក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិនេះ។ បើតាមការបញ្ជាក់របស់ ក.ស.អ សម្រាប់ការផ្ញើម៉ូតូត្រូវបង់កម្រៃ១,០០០រៀល និងការផ្ញើឡានត្រូវបង់កម្រៃ២,០០០រៀល និងការផ្ញើកង់មិនមានការយកកម្រៃនោះទេចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង៩យប់៕




អត្ថបទបន្ទាប់


កូកា-កូឡា ជួយឱ្យគ្រួសារជួបការលំបាក ជាង ២០០០ គ្រួសារ អាច «ដើរផ្សារមិនអស់លុយ» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦

ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានរៀបចំកម្មវិធី “ដើរផ្សារមិនអស់លុយ” រយៈពេល ២ថ្ងៃ…

កសិករដង្ហោយសុំឱ្យតម្លៃស្រូវឡើងថ្លៃស្របតាមតម្លៃប្រេងម៉ាស៊ូត ដើម្បីទប់ទល់នឹងការហក់ឡើងថ្លៃដើមផលិត

​​​កសិករអ្នកបង្កបង្កើនផលស្រូវកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានបន្តហក់ឡើងខ្ពស់ ផ្ទុយពីតម្លៃស្រូវដែលនៅតែមានកម្រិត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ