លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិជឿជាក់ថា ប្រសិនបើមានការចរាចរសាច់ជ្រូកមានផ្ទុកជំងឺប៉េស្តអាហ្រ្វិកនៅលើទីផ្សារកម្ពុជា នោះវានឹងធ្វើឱ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មសាច់ជ្រូក ព្រោះជំងឺនេះអាចឆ្លងរាលដាលដល់សត្វជ្រូករបស់កសិករដទៃទៀត។ ស្ថិតក្នុងស្ថានភាព ដែលអាជ្ញាធរវៀតណាមបានរកឃើញសាច់ជ្រូកបង្កកមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក អ្នកជំនាញរូបនេះយល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែបង្កើតការត្រួតពិនិត្យ និងរឹតបន្តឹងចំពោះការនាំចូលសាច់បង្កកពីប្រទេសក្បែរខាងមួយនេះ ដើម្បីបង្ការផលប៉ះពាល់ដល់ការចិញ្ចឹមជ្រូកក្នុងស្រុក ដែលកំពុងជួបបញ្ហាជ្រូកធ្លាក់ថ្លៃស្រាប់ទៅហើយនោះ។
ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាហាក់បង្ហាញការព្រួយបារម្ភចំពោះការហូរចូលសាច់ជ្រូកបង្កកដែលមានផ្ទុកជំងឺប៉េស្តអាហ្រ្វិកពីប្រទេសជិតខាងក្នុងការធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូក និងអ្នកទទួលទានក្នុងស្រុក។ ការបង្ហាញក្តីបារម្ភរបស់ប្រធានសមាគមរូបនេះធ្វើឡើងក្រោយអាជ្ញាធរវៀតណាមរកឃើញសាច់ជ្រូកបង្កកប្រមាណជិត៤០តោននៅកន្លែងស្តុកសាច់មួយកន្លែងមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ស្នើដល់អាជ្ញាធរនៅតាមច្រកទ្វារព្រំដែនបង្កើនការត្រួតពិនិត្យ និងរឹតបន្តឹងការនាំចូលឱ្យបានហ្មត់ចត់ ដើម្បីការពារផលប៉ះពាល់ និងលើកកម្ពស់ការចិញ្ចឹមជ្រូកនៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាជ្ញាធរវៀតណាមបានចុះបង្ក្រាបទីតាំងស្តុកសាច់ និងស្បែកជ្រូកបង្កកខុសច្បាប់ចំនួន៥កន្លែងនៅក្នុងខេត្តមួយរបស់វៀតណាម ហើយជាលទ្ធផល អាជ្ញាធររកឃើញថា សាច់ និងស្បែកជ្រូកបង្កកជិត៤០តោនមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ