មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ តម្លៃ៣០០លានដុល្លារនឹងបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ខណៈជំនាញរំពឹងក្លាយជាមេដែកស្រួបទាញការវិនិយោគ


បន្ទាប់ពីបានដាក់តាំងបង្ហាញជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មភ្នំពេញតម្លៃ៣០០លានដុល្លារត្រូវបានបញ្ចុះបឋមសិលាសាងសង់រួចរាល់ហើយ ដោយគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។
មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងពាណិជ្ជកម្ម បានវាយបានតម្លៃខ្ពស់ថា សមិទ្ធផលដ៏ធំលាតសន្ធឹងលើផ្ទៃដី១៣២ហិកតានេះ នឹងក្លាយជាចំណុចយុទ្ធសាស្ត្រថ្មីជួយបញ្ចុះថ្លៃដើម នៃការដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពឧស្សាហកម្ម និងជាមេដែកស្រូបទាញលំហូរវិនិយោគគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស បានគូសបញ្ជាក់ថា ការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់តំបន់សេដ្ឋកិច្ចពិសេស ដែលរួមបញ្ចូលគម្រោងមជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្មតម្លៃ៣០០លានដុល្លារនេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏សំខាន់សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងឧស្សាហកម្មកម្ពុជា ឱ្យកាន់តែប្រសើរ។ អ្នកជំនាញរូបនេះជឿជាក់ថា នៅពេលគម្រោងនេះលេចចេញជារូបរាងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ វានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានសារសំខាន់ និងសក្តានុពលខ្ពស់បំផុត ដ្បិតគម្រោងនេះស្ថិតក្នុងទីតាំងល្អ ដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាសជាច្រើន និងជិតផ្លូវល្បឿនលឿនផងដែរ។

ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានចាត់ទុកគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាសមិទ្ធផលមួយដ៏សំខាន់របស់កម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក។ អ្នកជំនាញរូបនេះ រំពឹងថា សមិទ្ធផលថ្មីនេះ នឹងមិនត្រឹមតែជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្រួលដល់សកម្មភាពនាំចេញ-នាំចូលទំនិញរបស់កម្ពុជា ឱ្យកាន់តែមានភាពរលូនជាងមុនប៉ុណ្ណោះទេ តែវានឹងក្លាយជាមេដែកក្នុងការស្រូបទាញការវិនិយោគពីបរទេសចូលកម្ពុជាកាន់តែច្រើនឡើងផងដែរ។

គួរបញ្ជាក់ថា តាមផែនការគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ តម្លៃវិនិយោគ៣០០លានដុល្លារនឹងបើកការដ្ឋានសាងសង់នៅអំឡុងខែមករា ឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីបានរៀបចំពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី៣១ ខែសីហា។ គម្រោងដែលលាតសន្ធឹងលើផ្ទៃដី១៣២ហិកតានេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន YCH Group របស់សិង្ហបុរី និងក្រុមហ៊ុនសម្ព័ន្ធ Sear Brothers Investments របស់កម្ពុជា។ គម្រោងនេះ ត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញផលិតកម្មទាំងបច្ចុប្បន្ន និងអនាគត តាមរយៈប្រព័ន្ធភស្តុភាររួមបញ្ចូលគ្នានាំយកការផលិត ការស្តុកទុកទំនិញ សេវាគយ និងការដឹកជញ្ជូនទំនិញមករួមបញ្ចូលគ្នាក្នុងទីតាំងតែមួយ ដែលនឹងកាត់បន្ថយឧបសគ្គផ្នែកភស្តុភារ បង្កើនភាពជាក់លាក់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងជួយឱ្យក្រុមហ៊ុនផលិតអាចចូលទៅកាន់ទីផ្សារអន្តរជាតិ បានកាន់តែងាយស្រួល។ គម្រោងនេះ មានសមត្ថភាពលើកដាក់ទំនិញពេញប្រមាណ២,០០០TEU ក្នុងមួយថ្ងៃ ដោយតភ្ជាប់ផ្លូវទឹក-ផ្លូវគោក និងផ្លូវល្បឿនលឿនទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុដោយផ្ទាល់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ និងប្រគល់រថយន្ត Ford Everest ជូនអតិថិជនប្រមាណជាង ២០០គ្រឿង!

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានដាក់សម្ពោធជាផ្លូវការ និងប្រគល់រថយន្ត Ford Everest ស៊េរីថ្មី ក្រោមអធិបត…

អ្នកជំនាញសង្ស័យមានការនាំចូលអំបិលរ៉ែពីថៃ តាមច្រកឡាវ ចូលមកទីផ្សារកម្ពុជា រួចបន្លំជាអំបិលផលិតក្នុងស្រុក

ក្រុមអ្នកជំនាញបានដាក់ការសង្ស័យថា មានការ​នាំចូលអំបិលរ៉ែពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវ ចូលមកទីផ្សារកម្ពុជា ដោយដាក់លក់ក្នុងតម្លៃថោកៗ ធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ