បញ្ហានេះ កំពុងទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធ និងក្រសួងជំនាញចុះទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ ដើម្បីការពារសុខភាពពលរដ្ឋ និងសង្គ្រោះអ្នកផលិតក្នុងស្រុក។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបបានគូសបញ្ជាក់ថា សមាគមទទួលបានព័ត៌មានពីការនាំអំបិលពីប្រទេសឡាវ ចូលមកកម្ពុជា ហើយបានវេចខ្ចប់ និងសរសេរអក្សរខ្មែរថា ផលិតនៅកម្ពុជា ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រលំ។ ការណ៍នេះ កំពុងបង្កផលប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារ ព្រោះអំបិលនាំមកពីបរទេសមានតម្លៃទាបជាងអំបិលធម្មជាតិ ដែលផលិតក្នុងស្រុក។
លោក ប៊ុន ណារិន ដាក់ការសង្ស័យថា អំបិលនាំចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ អាចជាអំបិលរ៉ែមានប្រភពចេញពីប្រទេសថៃ ខណៈអំបិលប្រភេទនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ អំពាវនាវដល់អ្នកប្រើប្រាស់ត្រូវជ្រើសរើសផលិតផលអំបិលដែលមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងផលប៉ះពាល់សុខភាព និងស្នើដល់ស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យ ដើម្បីចៀសវាងការក្លែងបន្លំផលិតផល និងប៉ះពាល់ដល់អ្នកផលិត។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានដាក់ការសង្ស័យដែរថា អំបិលដែលដឹកឆ្លងកាត់តាមប្រទេសឡាវចូលមកកម្ពុជា អាចជាអំបិលរ៉ែមានប្រភពមកពីប្រទេសថៃ។ បើតាមអ្នកជំនាញរូបនេះអំបិលប្រភេទនេះមានតម្លៃថោកជាងអំបិលផលិតដោយប្រើទឹកសមុទ្រ ដែលអាចផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងការប្រគួតប្រជែងមិនស្មើភាពជាដើម។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ ស្នើឱ្យមានការតាមដាន និងបង្កើតការត្រួតពិនិត្យលើការនាំចូលអំបិលទាំងនោះ ដើម្បីការពារវិស័យ SME និងសុខភាពពលរដ្ឋខ្មែរ។
គួរបញ្ជាក់ថា ការផលិតអំបិលរបស់កម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៦ សម្រេចបានរហូតដល់ជាង៨ម៉ឺនតោន កើនឡើងជាង២ដង បើធៀបនឹងទិន្នផល ដែលផលិតបានពេញមួយឆ្នាំ២០២៥ កន្លងទៅ។ តួលេខនេះ បានបង្ហាញថា កម្ពុជា មានសមត្ថភាពផលិតអំបិលសមុទ្រធម្មជាតិ បានច្រើនជិតឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលមានប្រមាណពី៩ទៅ១០ម៉ឺនតោនក្នុងមួយឆ្នាំហើយ៕
អត្ថបទ៖ បូ ដូឡា