អត្ថបទពាណិជ្ជកម្ម

កិច្ចប្រជុំពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័នចំនួន ១០


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងចំនួន១០។
កិច្ចប្រជុំពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័នចំនួន ១០
ដោយ

ដោយមានប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់-គ្រង ហិរញ្ញវត្ថុសាធារណៈ, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និង ឯកឧត្ដម ចាន់ សុធី រដ្ឋលេខាធិការ កសហវ., អមដោយតំណាងអគ្គនាយកដ្ឋានថវិកា, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័នចំនួន ១០ ដើម្បីពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន។

ក្រសួង ស្ថាប័នទាំង ១០ រួមមាន (១) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, (២) ក្រសួងសុខាភិបាល, (៣) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, (៤) ក្រសួងទេសចរណ៍, (៥) ក្រសួងធនធានទឹក និងឧតុនិយម, (៦) ទីស្ដីការគណៈរដ្ឋមន្ត្រី, (៧) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, (៨) ក្រសួងពាណិជ្ជកម្ម, (៩) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា, និង (១០) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាឈ្វេងយល់បន្ថែមពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នាជាមួយជាមួយក្រសួង ស្ថាប័ន សម្រាប់អនុវត្តការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនដល់អង្គភាពថវិការបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល ក៏បានគូសរំលេចអំពីសារៈសំខាន់ នៃការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន សំដៅធានាថាគ្រប់អង្គភាពអនុវត្តថវិកា មានគណនេយ្យភាពទៅលើសមិទ្ធកម្មរបស់ខ្លួនពេញលេញ និងមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកា ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។ ជាទិសដៅស្របទៅតាមចក្ខុវិស័យកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម», គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវធ្វើការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទរបស់ខ្លួន យ៉ាងយូរត្រឹមឆ្នាំ២០២៧ ខាងមុខ។

មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីបុរេសកម្ម និងមានភាពជាម្ចាស់ខ្ពស់ ព្រមទាំងបានស្នើសុំអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. បន្ដផ្ដល់ការគាំទ្រគ្រប់ក្រសួង ស្ថាប័ន សំដៅសម្រេចឱ្យបាននូវគោលដៅដែលបានគ្រោងទុក៕




អត្ថបទបន្ទាប់


តើស៊ុយអែត ចងលក្ខខណ្ឌអ្វីខ្លះសម្រាប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ឱ្យថៃ?

ប្រទេសស៊ុយអែត ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ថា ខ្លួនបានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ដ៏ទំនើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ