ការបើកសាកល្បងនៅក្រោយពិធីក្រុងពាលី នាព្រឹកថ្ងៃទី២៨ មេសានេះ ឃើញថា មានមនុស្សចូលទិញសំបុត្រទស្សនាសួនសត្វយ៉ាងគគ្រឹកគគ្រេង ដោយថ្លៃសំបុត្រសម្រាប់មនុស្សធំ គឺម្នាក់ ១០ដុល្លារ និងក្មេងម្នាក់ ៥ដុល្លារ។
ដោយមើលឃើញនូវសន្ទុះនៃការគាំទ្រពីមហាជនច្រើនបែបនេះ ខាងសួនសត្វក៏សម្រេចចិត្តថា នឹងបើកសាកល្បងឲ្យសាធារណជនទិញសំបុត្រចូលទស្សនាសួនសត្វ ភ្នំពេញ សាហ្វារី ពីថ្ងៃស្អែក គឺថ្ងៃទី២៩ ខែមេសា តទៅ។
បន្ទាប់ពីមានការផ្សព្វផ្សាយជាច្រើនកន្លងមក មតិមហាជនខ្លះបានត្អូញត្អែរថា តម្លៃសំបុត្រចូលទស្សនាហាក់ដូចជាថ្លៃពេកហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយអ្នកខ្លះសំណូមពរតម្លៃសំបុត្រនៅត្រឹមប្រហែល ២ ទៅ ៣ម៉ឺនរៀលបានហើយ។ យ៉ាងណា គេនៅមិនទាន់បានទទួលការឆ្លើយតបយ៉ាងណានៅឡើយពីសំណាក់អ្នកគ្រប់គ្រងសួនសត្វនេះ ជុំវិញបញ្ហាតម្លៃសំបុត្រនេះ។
សួនសត្វ ភ្នំពេញ សាហ្វារី បានវិនិយោគក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក ក្រោមការអភិវឌ្ឍសាងសង់ដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត៕