បញ្ហានេះបានបង្កើនភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរកាន់តែខ្លាំងថែមទៀត ខណៈរដ្ឋាភិបាលហ្វីលីពីន ក៏គ្រោងកោះហៅអ្នកការទូតចិនមកបំភ្លឺជុំវិញពាក្យសម្ដីខាងលើនេះផងដែរ។
សារព័ត៌មានក្នុងស្រុកហ្វីលីពីនជាច្រើនរួមទាំង ABS-CBN និង Philippine Daily Inquirer បានរាយការណ៍ព្រោងព្រាតនៅថ្ងៃទី១៦ ខែតុលានេះ ដោយដកស្រង់សម្ដីរបស់លោក Marcos និងមន្ត្រីរដ្ឋាភិបាលហ្វីលីពីន ដែលបានរិះគន់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន លោក ជីង ឆាន (Jing Quan)។
លោក ជីង ឯកអគ្គរដ្ឋទូតចិន បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅវេទិកាពិភាក្សាមួយក្នុងទីក្រុង ឃេសហ្សូន (Quezon) ប្រទេសហ្វីលីពីនយ៉ាងដូច្នេះថា «ប្រសិនបើយើងចង់ប្រើកម្លាំង យើងអាចយកឈ្នះបានយ៉ាងងាយ។ ប៉ុន្តែយើងមិនប្រើកម្លាំងទេ ព្រោះយើងស្រឡាញ់សន្តិភាព»។
សម្ដីនេះត្រូវបានចាត់ទុកថា មិនសមស្របចំពោះស្ថានភាពទំនាក់ទំនងទ្វេភាគី ដែលកំពុងមានភាពស្មុគស្មាញ ជាពិសេសជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនហៅថា សមុទ្រហ្វីលីពីនខាងលិច។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ដែលបានសួរថា តើនឹងមានការកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនមកបំភ្លឺដែរទេពាក់ព័ន្ធនឹងករណីនេះ? លោក Marcos ប្រធានាធិបតីហ្វីលីពីន បានតបយ៉ាងដូច្នេះថា «វាស្តាប់ទៅដូចជាការគំរាមកំហែងមួយសម្រាប់ខ្ញុំ ហើយវាមិនមែនជាសេចក្តីថ្លែងការណ៍ការទូតដែលត្រូវធ្វើនោះទេ។ ដូច្នេះយើងប្រហែលជាចង់យល់ពីអ្វីដែលគាត់ចង់មានន័យពិតប្រាកដ។» អ្នកកាសែតក៏បានបញ្ជាក់បន្ថែមថា តើនេះមានន័យថា លោកនឹងកោះហៅឯកអគ្គរដ្ឋទូតចិនមកបំភ្លឺមែនទេ? លោក Marcos តបថា «ខ្ញុំគិតថា វាសមនឹងមានការពិភាក្សារវាងឯកអគ្គរដ្ឋទូត (ចិន) និងខ្ញុំ។»
ក្រសួងការបរទេសហ្វីលីពីនបានថ្លែងថា សម្ដីរបស់ឯកអគ្គរដ្ឋទូតចិនហាក់ដូចជាការគំរាមកំហែងដោយប្រយោលអំពីការប្រើកម្លាំង ហើយបានអំពាវនាវឱ្យអ្នកការទូតទាំងអស់ប្រើប្រាស់ពាក្យសម្ដីដោយប្រុងប្រយ័ត្ន និងរក្សាការអត់ធ្មត់ ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនុកចិត្តរវាងប្រទេសទាំងពីរ។
រដ្ឋាភិបាលហ្វីលីពីនក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយការខ្វែងគំនិតគ្នាគួរតែធ្វើឡើងតាមរយៈការសន្ទនា និងការទូត ជាជាងការប្រើសម្ដីដែលអាចបង្កើនភាពតានតឹង។
ជម្លោះរវាងចិននិងហ្វីលីពីននៅសមុទ្រចិនខាងត្បូងបានអូសបន្លាយជាច្រើនឆ្នាំ ដោយប្រទេសទាំងពីរមានការអះអាងសិទ្ធិលើដែនសមុទ្រដែលត្រួតស៊ីគ្នា។ ការប្រឈមមុខគ្នារវាងនាវារដ្ឋាភិបាល និងកងកម្លាំងសមុទ្ររបស់ប្រទេសទាំងពីរ បានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង និងបង្កការព្រួយបារម្ភអំពីហានិភ័យនៃការប៉ះទង្គិចកាន់តែធ្ងន់ធ្ងរ។
ការរិះគន់ចុងក្រោយនេះកើតឡើង ខណៈទីក្រុងម៉ានីល និងទីក្រុងប៉េកាំងនៅតែប្រឈមនឹងការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រ។ អ្នកសង្កេតការណ៍យល់ថា ការរក្សាបណ្តាញទំនាក់ទំនងការទូត និងការប្រុងប្រយ័ត្នចំពោះសម្ដីរបស់មន្ត្រីជាន់ខ្ពស់ មានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ៕