ការរិះគន់ពីប្រជាជនថៃ

លោក អានុទីន ហាក់បន្ទន់ឥរិយាបថ ប្រើវោហារសាស្ត្ររិះគន់ដាក់កម្ពុជា ក្រោយត្រូវមួយកំផ្លៀងរបស់អាម៉េរិក


ក្រោយពីរងការរិះគន់ពីប្រជាជនថៃថា មាត់អត់គម្រប ហ៊ានផ្គើននិយាយប៉ះពាល់ដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ជិតខ្ទាតចេញពីតំណែង ដែលតែងតែអួតក្អេងក្អាងវាយប្រហារកម្ពុជា ពេលនេះហាក់បន្ទន់ឥរិយាបទ និងបានប្រើវោហារសាស្រ្តរាងស្រទន់ជាងមុនចំពោះប្រទេសកម្ពុជា។
ក្រោយពីរងការរិះគន់ពីប្រជាជនថៃ
ដោយ

ការបន្ទន់ឥរិយាបថដាក់កម្ពុជានេះ វាមិនមែនជារឿងចៃដន្យនោះទេ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីដែលមានអាណត្តិ៤ខែរូបនេះ ត្រូវមួយកំផ្លៀងយ៉ាងចាស់ដៃពីសហរដ្ឋអាម៉េរិក ជុំវិញការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយឯកតោភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

​លោកនាយករដ្ឋមន្ត្រីថៃ ជិតខ្ទាតចេញពីតំណែង អានុទីន ឆានវីរៈគុល ដែលតែងតែបង្ហើរវោហារសាស្ត្រវាយប្រហារ និងចោទកម្ពុជា ឥតសំចៃមាត់ ហាក់បន្ទន់ឥរិយាបថក្នុងការប្រើពាក្យសម្តីដាក់កម្ពុជា បន្តិច ក្រោយនិយាយប៉ប៉ាច់ប៉ប៉ោចធ្វើឱ្យប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃ និងពួកបក្សរាជរដ្ឋាភិបាលថៃ។ ការបន្ទន់ឥរិយាបថរបស់នាយករដ្ឋមន្ត្រីរូបនេះត្រូវបានគេកត់សម្គាល់ឃើញក្នុងអំឡុងពេលលោកផ្តល់បទសម្ភាស​លើកដំបូងដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសចិន។

ក្រោយនាយករដ្ឋមន្ត្រីថៃ បានប្រើប្រាស់វោហារសាស្រ្តវាយប្រហារធ្ងន់ៗមកលើកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាម៉េរិក តំណាងពាណិជ្ជកម្មអាម៉េរិក បានជូនដំណឹងជាផ្លូវការដល់ប្រទេសថៃជុំវិញការផ្អាកការចរចាពន្ធបដិការរហូតដល់ថៃអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សី។

មួយកំផ្លៀងរបស់អាម៉េរិកនេះបានធ្វើឱ្យនាយករដ្ឋមន្ត្រីអាណត្តិ៤ខែរូបនេះ ដេកមិនលក់បក់មិនល្ហើយអង្គុយសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទាំងកណ្តាលអធ្រាត្រ ដើម្បីបកស្រាយលាងខ្លួនក្នុងន័យសម្រាលស្ថានការណ៍ តែអ្វីៗវាហាក់យឺតពេលទៅហើយ ដោយការរិះគន់ពីមហាជនបានធ្លាក់មកជាបន្តបន្ទាប់លើនាយករដ្ឋមន្ត្រីរូបនេះ។ ក្រៅពីសរសេរសារបកស្រាយលើបណ្តាញសង្គម លោក អនុទីន បានឆ្លេឆ្លាចាប់ទូរសព្ទខលទៅកាន់ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីព្យាយាមបកស្រាយថា ថៃ មិនបានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នោះទេ ដើម្បីបន្ថយសម្ពាធរិះគន់។

នៅពេលអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងការបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លោក អានុទីន បានឆ្លើយបញ្ឆិតបញ្ឆៀងថា ការចាប់ដៃគ្នា គឺជាការបង្ហាញភាពគួរសម ដូចលោកបានស្វាគមន៍អ្នកនយោបាយប្រឆាំងដោយស្នាមញញឹម និង ការស្វាគមន៍។ តែយ៉ាងណា លោក បានឆ្លៀតនិយាយយកប្រជាប្រិយភាពថា ការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួស្តីពីសន្តិភាពកម្ពុជា-ថៃ អាចបន្តឡើងវិញបានលុះត្រាតែកម្ពុជា ឈប់បង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ថៃ ទាំងដែលខ្លួនជាអ្នកបង្កបញ្ហាម្តងហើយម្តងទៀតមកលើកម្ពុជា រាប់ចាប់តាំងពីការវាយប្រហារពលរដ្ឋស៊ីវិលកម្ពុជា ម្នាក់ស្លាប់ និងរបួស៣នាក់នៅភូមិព្រៃចាន់ និងការរំលោភបំពានផ្លូវភេទលើយុវតីកម្ពុជា ពីសំណាក់ក្រុមទាហានថៃ យ៉ាងព្រៃផ្សៃជាដើម។

រហូតមកទល់ពេលនេះ កម្ពុជា ក្នុងឋានៈជាប្រទេសតូចមានប្រជាជនតិច និងសេដ្ឋកិច្ចទន់ខ្សោយជាងថៃ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអនុវត្តតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ស្តីពី សន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ជារួមសន្តិភាព គឺជាបំណងប្រាថ្នាតែមួយគត់របស់កម្ពុជា ហើយកម្ពុជាតែងតែប្រកាសថា ខ្លួនគ្មានបំណងចង់បាន ឬរំលោភលើដែនអធិបតេយ្យភាពប្រទេសណាឡើយ អ្វីដែលកម្ពុជាចង់បាន គឺដំណោះស្រាយសន្តិភាពផ្អែកលើច្បាប់ និងការពារដែនអធិបតេយ្យស្របច្បាប់របស់ខ្លួន៕

អត្ថបទ តែម សុខុម​




អត្ថបទបន្ទាប់


តើការផ្ទុះអាវុធរបស់យោធាថៃក្នុងអំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងចុះត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ វាបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

យោធាថៃបន្តរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាពួ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើជាសាក្សី។ ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ