ប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក ហើយបណ្ដាញឆបោកទាំងនេះ មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែមាននៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។
ជំទាវ ជា សិរី បានសង្កត់ធ្ងន់ទៀតថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែ ព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ ដ្បិតថា កម្ពុជាមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានាសម្រាប់គម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ លើសពីនេះ កម្ពុជា មានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា។
បើតាមទេសាភិបាលធនាគារជាតនៃកម្ពុជារូបនេះ ដើម្បីដោះស្រាយបញ្ហានេះបាន ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ។ ក្នុងន័យនេះ ប្រទេសកម្ពុជា ប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។
ជំទាវ ជា សិរី គូសបញ្ជាក់ទៀតថា «បើគិតឱ្យស៊ីជម្រៅជាងនេះ បណ្ដាញឆបោកក៏បង្ហាញពីបញ្ហាជាមូលដ្ឋានជាច្រើនទៀតដូចជា អក្ខរកម្មឌីជីថល នៅក្នុងស្ថានភាពដែលភាពខុសគ្នារវាង AI និងការពិត កាន់តែពិបាកបែងចែក។»
គួរបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ បាននិងកំពុងក្លាយជាបញ្ហាដ៏ក្ដៅគគុកមួយ ដែលប្រទេសនៅក្នុងតំបន់អាសីអាគ្នេយ៍ រួមទាំងកម្ពុជាកំពុងដុតដៃដុតជើងយ៉ាងខ្លាំងនៅក្នុងការបង្ក្រាប។ តួយ៉ាង កាលពីសប្ដាហ៍មុននេះ ក្រុមប្រទេសចំនួន ៦០ បានជួបជុំគ្នានៅទីក្រុងហានូយ ប្រទេសវៀតណាម ដើម្បីចុះហត្ថលេខា លើ សន្ធិសញ្ញាស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត របស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងដោះស្រាយបទល្មើសតាមប្រព័ន្ធអ៊ីធើណែត ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕