
ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក ក៏ដោយ តែអង្គការនៃក្រុមប្រទេសនាំចេញប្រេងធំៗ OPEC បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកអាចនឹងដំណើរការល្អប្រសើរជាងការរំពឹងទុកនៅឆមាសទី២ឆ្នាំនេះ ហើយបានសន្យាថា ខ្លួននឹងបង្កើនការផលិតប្រេង ដើម្បីឆ្លើយតបនឹងការកើនឡើងតម្រូវការ ដែលជួយគាំទ្រកំណើនសេដ្ឋកិច្ច។
អង្គការនៃក្រុមប្រទេសនាំចេញប្រេងធំៗនេះ កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់ឥណ្ឌា ចិន និងប្រេស៊ីល មានការកើនឡើងលើសពីការរំពឹងទុកមកដល់ពេលនេះ ខណៈសហរដ្ឋអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ ក៏កំពុងប្រឹងប្រែងដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ជាទូទៅនៅពេលសេដ្ឋកិច្ចពិភពលោកមានកំណើន តម្រូវការថាមពល ជាពិសេសប្រេងឥន្ធនៈ ក៏នឹងមានការកើនឡើង រីឯតម្លៃប្រេងឥន្ធនៈអាចនឹងមានការប្រែប្រួលទៅតាមនឹងដែរ។ តែយ៉ាងណាអង្គការ OPEC មិនបានព្យាករណាមួយពីតម្លៃប្រេងនៅពេលអនាគតនៅឡើយទេ។
មកដល់ពេលនេះ អ្វីដែលអង្គការ OPEC បានប្រកាស និងសន្យានោះ គឺការបង្កើនផលិតកម្មប្រេងឆៅឱ្យបាន៥៤ម៉ឺន៨ពាន់បារ៉ែលក្នុង១ថ្ងៃនៅខែសីហា ខាងមុខ ដែលនេះជាការបង្កើនលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
កាលពីខែមិថុនា កន្លងទៅ រោងចក្រចម្រាញ់ប្រេងនានា នៅលើពិភពលោកបានប្រើប្រាស់ប្រេងឆៅត្រឹមតែ ២,១លានបារ៉ែលប៉ុណ្ណោះ ដូច្នេះប្រសិនបើដូចអ្វីដែលអង្គការ OPEC បានព្យាករមែននោះ តម្រូវការប្រេងឆៅអាចនឹងមានច្រើនជាងនេះបន្ថែមទៀត។ បច្ចុប្បន្នតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកលក់ចេញក្នុងរង្វង់ប្រមាណ៦៩ដុល្លារក្នុងមួយបារ៉ែល៕
ដោយៈ សរ សុជាតិ