កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អ្នកជំនាញចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាឱកាសសម្រាប់កម្ពុជា ក្នុងការបើកច្រកពាណិជ្ជកម្ម និងទាក់ទាញទុនវិនិយោគ


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងកិច្ចការអន្តរជាតិ បានជំរុញឱ្យកម្ពុជា ទាញយកប្រយោជន៍ជាអតិបរមាពី កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាខែវិច្ឆិកា ខាងមុខនេះ ដើម្បីទាក់ទាញទុនវិនិយោគ បើកច្រកទីផ្សារថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរុញច្រានកំណើន​សេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ដោយ

ក្រុមអ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជា មិនគួរផ្តោតត្រឹមតែភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍នេះនោះទេ ប៉ុន្តែត្រូវមានយុទ្ធសាស្ត្រមុតស្រួចក្នុងការប្រែក្លាយកិត្យានុភាពការទូតឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង តាមរយៈការស្រូបយកទុនវិនិយោគ ជំនួយបច្ចេកទេស និងការបើកផ្លូវឱ្យសហគ្រាសក្នុងស្រុកហក់ចូលទៅក្នុងទីផ្សារអន្តរជាតិ។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺជាឱកាសយុទ្ធសាស្ត្រសម្រាប់កម្ពុជា ក្នុងការប្រែក្លាយកិត្យានុភាពការទូតទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជា មិនគួរផ្តោតត្រឹមភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះនោះទេ ប៉ុន្តែគួរប្រើប្រាស់វេទិកានេះដើម្បីបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗ ពង្រីកទីផ្សារ និងទាក់ទាញទុនវិនិយោគពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង តាមរយៈរៀបចំវេទិកាធុរកិច្ចដាច់ដោយឡែក ដើម្បីភ្ជាប់វិនិយោគិនបរទេសជាមួយសហគ្រាសក្នុងស្រុក ព្រមទាំងបង្ហាញពីសក្ដានុពលក្នុងវិស័យកសិកម្ម ការកែច្នៃកសិផល ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្មជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ការតភ្ជាប់នេះនឹងអាចជួយឱ្យសហគ្រាសក្នុងស្រុកទទួលបានដៃគូបច្ចេកទេស ទីផ្សារនាំចេញ និងឱកាសចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ ខណៈការវិនិយោគថ្មីៗអាចជំរុញការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ដោយឡែក លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាកិត្តិយស និងជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញគោលជំហរ ពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ តែយ៉ាងណាលោកបណ្ឌិតយល់ថា កម្ពុជា ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការចរចា និងកំណត់អាទិភាពសហប្រតិបត្តិការ ដើម្បីបំប្លែងទំនាក់ទំនងការទូតទៅជាការគាំទ្រផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស និងឱកាសវិនិយោគដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស។

លើសពីនេះ កម្ពុជា ត្រូវកំណត់ប្រទេសដៃគូ ដែលមានសក្ដានុពល និងរៀបចំសំណើសហប្រតិបត្តិការឱ្យស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរ ដើម្បីបង្កើនលទ្ធភាពទទួលបានការគាំទ្របន្ថែម។ អ្នកជំនាញរូបនេះបានចាត់ទុកកិច្ចប្រជុំកំពូលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍យូរអង្វែងដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ។

ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ និងទាក់ទាញវិនិយោគិនបរទេស។ ជាមួយគ្នានេះ កម្ពុជា ក៏អាចប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញការពិតអំពីការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដែលកន្លងមកមានការចោទប្រកាន់ពីភាគីថៃ មកលើកម្ពុជា។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវពង្រឹងយុទ្ធសាស្ត្រការទូតឱ្យមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងស្មារតីនៃរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្សព្វផ្សាយព័ត៌មានពិត និងបង្ហាញសមិទ្ធផលវិជ្ជមានរបស់កម្ពុជា ដើម្បីកាត់បន្ថយការយល់ឃើញអវិជ្ជមាន និងពង្រឹងទំនុកចិត្តពីសំណាក់សហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងប្រព្រឹត្តទៅចម្លោះពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់ចលនាហ្វ្រង់កូហ្វូនី នៅតំបន់អាស៊ី ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងតម្លៃរួមនៃសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង ដែលមានរដ្ឋជាសមាជិក និងសង្កេតការណ៍រហូតដល់ទៅ៩០ប្រទេស៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ថៃអនុម័តកញ្ចប់ថវិកាជិត៣០០លានដុល្លារ ដើម្បីជួយជនរងគ្រោះ ខណៈទឹកជំនន់កំពុងវាយប្រហារខេត្តចំនួន១៩

គិតត្រឹមថ្ងៃទី២១ ខែតុលា គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរកំពុងបន្តវាយប្រហារយ៉ាងខ្លាំងលើខេត្តចំនួន១៩ និងខណ្ឌចំនួន២ក្នុងរាជធានីបាងកក ដែលបាន…

ក្រោយរងទឹកជំនន់ និងបាតុភូតអែលនីញ៉ូ តើកម្ពុជា អាចរក្សាកំណត់ត្រានាំចេញអង្ករលើស១លានតោននៅឆ្នាំ២០២៧ បានដែរឬទេ?

បាតុភូតអែលនីញ៉ូ និងគ្រោះទឹកជំនន់កំពុងវាយប្រហារលើផ្ទៃដីដាំដុះស្រូវ និងកសិផលនានានៅតាមតំបន់មួយចំនួននៅកម្ពុជា ដែលបានបង្កជាក្តីបារម្ភចំពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ