បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាតុភូតអែលនីញ៉ូ បានបង្កផលប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវប្រមាណ៥% ដែលធ្វើឱ្យមានការចោទជាសំណួរថា តើគ្រោះទឹកជំនន់ និងបាតុភូតអែលនីញ៉ូ អាចទាញទម្លាក់បរិមាណនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២៧ ឱ្យថយចុះវិញឬយ៉ាងណា?
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំាពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា បាតុភូតអែលនីញ៉ូ បានបង្កផលប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវប្រមាណ៥% ប៉ុន្តែមិនបង្កក្ដីបារម្ភធ្ងន់ធ្ងរដល់អសន្តិសុខស្បៀង និងការនាំចេញអង្កររបស់កម្ពុជា នោះទេ។ បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ការនាំចេញអង្ករ១លានតោនត្រូវការស្រូវតែប្រមាណ៣លានតោនប៉ុណ្ណោះ ខណៈកម្ពុជា អាចផលិតស្រូវបានប្រមាណ១៥លានតោនក្នុង១ឆ្នាំ។ ការណ៍នេះត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះរំពឹងថា បាតុភូតអែលនីញ៉ូ មិនអាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា នោះទេ ប៉ុន្តែការនាំចេញតិច ឬច្រើន គឺអាស្រ័យលើការតភ្ជាប់រវាងវិស័យឯកជន និងការបញ្ជាទិញ ខណៈមកទល់ពេលនេះ អង្កររបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចាត់ទុកការបំបែកកំណត់ត្រានាំចេញអង្ករបានលើស១តោននៅក្នុងរយៈពេលត្រឹមតែជាង៩ខែ ជាសមិទ្ធផលដ៏ល្អមួយសម្រាប់វិស័យស្រូវអង្ករកម្ពុជា។ យ៉ាងណាមិញ អ្នកជំនាញរូបនេះរំពឹងថា កម្ពុជានឹងអាចសម្រេចបានការនាំចេញអង្គរប្រមាណ១លាន២សែនតោននៅពេញមួយឆ្នាំ២០២៦ នេះ។ ជាមួយគ្នានេះប្រធានសហព័ន្ធរូបនេះប្តេជ្ញាថា នឹងខិតខំរក្សានិរន្តភាពនៃការនាំចេញអង្ករ និងជំរុញកំណើនឱ្យកើនឡើងពី៥ ទៅ១០% ថែមទៀតនៅឆ្នាំ២០២៧។
ដោយឡែកលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង យល់ឃើញថា គោលនយោបាយស្រូវអង្កររបស់រដ្ឋាភិបាល កំពុងដើរត្រូវទិសដៅ និងហុចផ្លែផ្កាជាបណ្តើរៗហើយ ប៉ុន្តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មបន្ថែមទៀតពីសំណាក់ប្រជាកសិករ។ លោកបានគូសបញ្ជាក់ថា ក្នុងបរិបទប្រកួតប្រជែងនេះ កសិករខ្មែរត្រូវតែសម្រិតសម្រាំងពូជស្រូវឱ្យស្របតាមតម្រូវការទីផ្សារ ព្រមទាំងយល់ដឹងពីបច្ចេកទេសប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីធានាថា ស្រូវ និងអង្កររបស់កម្ពុជាមានគុណភាពខ្ពស់ ស្របតាមស្តង់ដារភូតគាមអនាម័យអន្តរជាតិ។
សូមបញ្ជាក់ថា កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ដោយបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានរហូតដល់ទៅជាង១លាន១ម៉ឺនតោនក្នុងរយៈពេលត្រឹមតែជាង៩ខែដើមឆ្នាំ២០២៦ ខណៈកាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជា នាំចេញអង្ករសរុបបានជាង៩៤ម៉ឺនតោនជាមួយចំណូលជាង៦០០លានដុល្លារអាម៉េរិក៕