លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកយល់ឃើញថា ក្នុងបរិបទសម័យថ្មី កម្ពុជា មិនអាចខ្វះច្បាប់ប្រឆាំងការឆបោកតាមបច្ចេកវិទ្យាបានឡើយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពនៃច្បាប់នេះ វាអាស្រ័យលើការអនុវត្តដែលមានតម្លាភាព និងមានស្តង់ដាតែមួយ ដើម្បីជៀសវាងផលវិបាកដល់សង្គមជាតិ នៅថ្ងៃអនាគត។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ស្របចំពោះការបង្កើតច្បាប់នេះដែរ។ តែយ៉ាងណាលោកយល់ថា ការរៀបចំច្បាប់នេះ កម្ពុជាគួរតែសិក្សា និងដកស្រង់បទពិសោធបទល្មើសបច្ចេកវិទ្យាពីបណ្តាប្រទេសក្នុងតំបន់ និងសកលលោកឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យមានភាពចន្លោះប្រហោងគតិយុត្ត និងដើម្បីធានាថា ការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពខ្ពស់។ លោកបណ្ឌិតជឿជាក់ថា បើច្បាប់នេះត្រូវបានរៀបចំឡើងដោយគ្របដណ្តប់លើបទល្មើសជាក់ស្តែង និងអនុវត្តដោយយុត្តិធម៌ វានឹងជួយការពារកិត្តិយសកម្ពុជា លើឆាកអន្តរជាតិ និងធ្វើឱ្យមជ្ឈដ្ឋាននានាផ្តល់ទំនុកចិត្តមកលើកម្ពុជាឡើងវិញ ដែលជាកាតាលីករជំរុញដល់ការវិនិយោគ និងទេសចរណ៍។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីពេលថ្មីៗបានដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងបង្កើតបានជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និងបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជា បានចុះហត្ថលេខានាពេលកន្លងមក៕
អត្ថបទ៖ បូ ដូឡា