លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា គម្រោងពង្រីកទីក្រុងរណបថ្មីក្នុងតំបន់បឹងតាមោកនឹងប្រែក្លាយទីតាំងភាគខាងជើងរាជធានីភ្នំពេញឱ្យក្លាយជាកន្លែងប្រមូលផ្ដុំ ដែលមានសក្ដានុពលខ្ពស់ផ្នែកវិស័យដីធ្លី។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើគម្រោងអភិវឌ្ឍនេះត្រូវបានអនុលោមតាមផែនការមេ និងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់គ្រាន់នោះនឹងក្លាយជាទីក្រុងរណបមួយ ដែលជួយកាត់បន្ថយការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ និងការប្រមូលផ្ដុំដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីជាច្រើនទៀត។ ការណ៍នេះត្រូវបានលោក ស៊ា ឆៃលីន ជឿជាក់ថា នៅក្នុងរយៈពេលវែងនឹងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់បឹងតាមោកមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា តំបន់បឹងតាមោក គឺជាទីតាំងដែលមានផ្ទៃដីធំជាងគេ និងមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ។ លោកជឿជាក់ថា ប្រសិនបើគម្រោងនេះមានការអភិវឌ្ឍពេញលេញពិតមែននោះ វានឹងជួយទាក់ទាញគម្រោងអភិវឌ្ឍសំខាន់ៗផ្សេងទៀត ហើយវានឹងប្រែក្លាយតំបន់នេះឱ្យក្លាយជាតំបន់ប្រមូលផ្ដុំក្នុងការរស់នៅ និងប្រកបអាជីវកម្ម។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា តំបន់បឹងតាមោកនឹងប្រែក្លាយជាទីក្រុងរណបថ្មីមួយក្នុងពេលឆាប់ៗខាងមុខ ខណៈតំបន់នេះមិនមែនជាកន្លែងសម្រាប់ស្តុកទឹកនោះទេ ប៉ុន្តែជាទីតាំងធ្លាប់ប្រឈមហានិភ័យនៃការបាក់ទំនប់បង្កការជន់លេចក្នុងរាជធានីភ្នំពេញ។ បើតាមសម្ដេចតេជោ រាជធានីភ្នំពេញនឹងត្រូវពង្រីកផ្ទៃដីពី៣០០គីឡូម៉ែត្រការ៉េឱ្យទៅជា៦០០គីឡូម៉ែត្រការ៉េនាពេលខាងមុខ។
សូមបញ្ជាក់ថា បឹងតាមោក គឺជាបឹងធម្មជាតិ ដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ តំបន់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់អភិវឌ្ឍន៍សាធារណៈ ដោយក្នុងនោះផ្ទៃដីទំហំ៧៥ហិកតាត្រូវបានរៀបចំជាឧទ្យានធម្មជាតិ ខណៈគម្រោងអភិវឌ្ឍន៍ផ្សារបន្លែ និងទីលានចតយានយន្តខ្នាតធំក៏ត្រូវបានរៀបចំឡើងផងដែរ៕
អត្ថបទ៖ បូ ដូឡា