កិច្ចព្រមព្រៀងសន្តិភាព

លោក ដូណាល់ ត្រាំ ប្រាប់លោក ហ្សេឡិនស្គី ថា លោក ពូទីន ចង់បានទឹកដីអ៊ុយក្រែន បន្ថែមទៀត ហើយឱ្យប្រញាប់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា ថា អ៊ុយក្រែន គួរតែប្រញាប់ឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ពីព្រោះរុស្ស៊ី គឺជាមហាអំណាចដ៏ធំមួយ។ ការបញ្ជាក់របស់លោកត្រាំ យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់លោកបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅរដ្ឋអាឡាស្កា ដែលនៅក្នុងជំនួបនោះ លោក ពូទីន បានបង្ហើបថា រុស្ស៊ី នឹងវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបគ្នានៅរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ថា លោក ពូទីន នឹងយល់ព្រមបញ្ឈប់ការប្រយុទ្ធនៅសមរភូមិភាគច្រើន ប្រសិនបើទីក្រុងកៀវ យល់ព្រមប្រគល់ទឹកដីតំបន់ Donetsk ទាំងមូលឱ្យទៅរុស្ស៊ី។

សូមបញ្ជាក់ថា Donetsk គឺជាតំបន់ឧស្សាហកម្មដែលបានក្លាយជាគោលដៅសំខាន់មួយដែលក្រុងមូស្គូ ជញ្ជក់មាត់ចង់លេបត្របាក់។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា លោក ហ្សេឡិនស្គី បានច្រានចោលការទាមទារនេះ។ យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ប្រទេសរុស្ស៊ី ពេលនេះបានគ្រប់គ្រងទឹកដីអ៊ុយក្រែន រហូតដល់ ១ ភាគ ៥ រួចទៅហើយ រួមទាំងប្រហែល ៣ ភាគ ៤ នៃតំបន់ Donetsk ដែលរុស្ស៊ី បានចូលឈ្លានពានជាលើកដំបូងក្នុងឆ្នាំ២០១៤ ផងដែរ។

លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា លោកបានយល់ព្រមជាមួយលោក ពូទីន ថា គួរឈានដល់កិច្ចព្រមព្រៀងសន្តិភាពដោយមិនចាំបាច់មានបទឈប់បាញ់ជាមុន ដែលផ្ទុយពីជំហរពីមុនរបស់លោក និងផ្ទុយពីអ្វីដែលអ៊ុយក្រែន និងបណ្ដាសម្ពន្ធមិត្តអឺរ៉ុប បានទាមទារកន្លងមក។

លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងសន្តិភាពពេញលេញ ពោលគឺមិនមែនគ្រាន់តែជាបទឈប់បាញ់នោះទេ។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា មធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់សង្រ្គាម គឺតាមរយៈកិច្ចព្រមព្រៀងសន្តិភាព គឺមិនមែនគ្រាន់តែជាបទឈប់បាញ់នោះទេ ដោយលោកនិយាយថា បទឈប់បាញ់ច្រើនតែបរាជ័យ។

លោក ហ្សេឡិនស្គី បានឆ្លើយតបថា ការបដិសេធរបស់រុស្ស៊ី មិនព្រមបញ្ឈប់ការប្រយុទ្ធគ្នា ពិតជាពិបាកធ្វើឱ្យឈានដល់សន្តិភាពពិតប្រាកដណាស់។ លោក ហ្សេឡិនស្គី បានគូសបញ្ជាក់ថា ការបញ្ឈប់ការសម្លាប់ជនពលរដ្ឋអ៊ុយក្រែន គឺជាគន្លឹះដ៏សំខាន់ក្នុងការបញ្ឈប់សង្គ្រាម។

ទោះបីជាបែបនេះក្តី ក៏លោក ហ្សេឡិនស្គី បានបញ្ជាក់ថា លោកនឹងជួបលោក ដូណាល់ ត្រាំ នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ទី១៨ ខែសីហា ដដែល។

ទន្ទឹមនេះ សហភាពអឺរ៉ុប និងបណ្ដាសម្ពន្ធមិត្តរបស់អឺរ៉ុប បានស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ឆ្ពោះទៅរកសន្តិភាពសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លូននឹងផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដោយបានប្ដេជ្ញាដាក់ទណ្ឌកម្មលើរុស្ស៊ី បន្ថែមទៀត ប្រសិនបើសង្គ្រាមនៅតែបន្ត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គណបក្សភឿថៃ ច្រានចោលដំណឹងបែកធ្លាយថា លោក ថាក់ស៊ីន លួចធ្វើកិច្ចសន្យា ជាមួយតុលាការធម្មនុញ្ញ

គណបក្សភឿថៃ នៅថ្ងៃទី ទី ១៦ ខែសីហា បានចេញមកច្រានចោល ចំពោះដំណឹងបែកធ្លាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើកិច្ចសន្យ…

សិង្ហបុរី ត្រូវជាប្រជាជាតិ ដែលមានការប្រុងប្រៀបរួចរាល់ខ្លាំងជាងគេ សម្រាប់យុគសម័យ AI

មកដល់ពេលនេះ សិង្ហបុរី បានអភិវឌ្ឍខ្លួនទៅជាប្រទេសជឿនលឿន និងមានជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក។ ទន្ទឹមនឹងភាពខ្លាំងផ្នែកសេដ្ឋកិច្ច សិង្ហបុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ