ការប្រកួតកីឡា SEA Games លើកទី៣៣ នៅក្នុងប្រទេសថៃ ទើបតែចាប់ផ្ដើមបាន២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានបញ្ហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ខណៈដែលប្រទេសជាសមាជិកនៃកីឡារបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានត្អូញត្អែរយ៉ាងខ្លាំង។ លោក ថាណា ឆៃប្រាស៊ីត (Thana Chaiprasit) ប្រធានបេសកកម្ម នៃក្រុមកីឡា SEA Games របស់ថៃ បាននិយាយថា ប្រទេសជាច្រើនបានបញ្ជាក់ជាថ្មីអំពីក្តីបារម្ភ ដែលមិនទាន់ត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវមានដូចជាកំហុសទង់ជាតិ ការរៀបចំអាហារមិនបានគ្រប់គ្រាន់ និងការដឹកជញ្ជូនមានភាពយឺតយ៉ាវជាដើម។
ប្រទេសវៀតណាម បាននិយាយថា ទង់ជាតិវៀតណាម ត្រូវបានបង្ហូតមិនត្រឹមត្រូវនៅក្នុងពិធីប្រគល់មេដាយមាស និងបានជំរុញឱ្យម្ចាស់ផ្ទះត្រូវតែធានាថា កំហុសនេះនឹងមិនកើតឡើងជាថ្មីទៀតឡើយ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសវៀតណាម ក៏បានលើកឡើងពីកំហុសនៃការបង្ហាញផែនទីរបស់ខ្លួនក្នុងពេលចាប់ផ្ដើមការប្រកួតនេះផងដែរ ដោយវៀតណាមបាននិយាយថា វាមិនបានបង្ហាញឱ្យឃើញប្រជុំកោះប៉ារ៉ាសែល (Paracel) និងកោះស្ប្រេតលី (Spratly) និងកោះភូកុក (Phu Quoc) របស់ខ្លួនឡើយ។
ចំណែកប្រទេសម៉ាឡេស៊ីវិញបានត្អូញត្អែរថា អាហារហាឡាល ដែលបានសន្យាថា នឹងរៀបចំជាពិសេសសម្រាប់អត្តពលិកមកពីប្រទេសមូស្លីមភាគច្រើននោះ គឺមិនគ្រប់គ្រាន់ឡើយ ពោលគឺវាស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ការទទួលទានប្រចាំថ្ងៃទាំងស្រុងតែម្ដង។
សម្រាប់បញ្ហាកំហុសនៃការដឹកជញ្ជូនវិញ ត្រូវបានក្រុមជាច្រើននិយាយថា ប្រព័ន្ធដឹកជញ្ជូននៅតែមានបញ្ហា ដែលជាហេតុធ្វើឱ្យអត្តពលិកមួយចំនួនត្រូវបង្ខំចិត្តរង់ចាំរយៈពេលពី២ទៅ៣ម៉ោងនៅឯព្រលានយន្តហោះសុវណ្ណភូមិ ដើម្បីជិះរថយន្តក្រុងទៅកន្លែងស្នាក់នៅរបស់ពួកគេ និងក្រៅពីនោះ ក៏នៅមានបញ្ហាកំហុសនៃការច្របូកច្របល់រឿងកន្លែងស្នាក់នៅផងដែរ។
គណៈប្រតិភូមកពីប្រទេសជាច្រើនបានរាយការណ៍ពីកំហុសមួយចំនួនទៀត និងភាពច្របូកច្របល់នៃការបែងចែកបន្ទប់ស្នាក់នៅនៅសណ្ឋាគារនានាក្នុងទីក្រុងឈៀងម៉ៃ ជាកន្លែងដែលការប្រកួតបាល់ទាត់សម្រាប់វគ្គចែកពូលកំពុងធ្វើនៅទីនោះ និងនៅមានបញ្ហាកំហុសផ្សេងៗទៀតជាច្រើន។
ឆ្លើយតបនឹងបញ្ហានេះ សមាគមកីឡាថៃ (SAT) បានជំរុញឱ្យមានការរឹតបន្តឹងការត្រួតពិនិត្យបញ្ហាទាំងនេះ។ លោក មីឆៃ អ៊ិនវូដ (Meechai Inwood) អនុប្រធានអាជ្ញាធរកីឡាថៃ (SAT) បានទទួលស្គាល់កំហុសទាំងអស់នេះ ហើយបានសន្យាថា នឹងដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕
ដោយ៖ សុខ មង្គល