តំបន់ប្រជុំកោះណាតូណា (Natuna) នេះនឹងក្លាយជាទីតាំងមួយសម្រាប់ល្បែងសង្គ្រាមហ្ការូដាសៀល (Garuda Shield) នៅឆ្នាំនេះ ដែលគ្រោងនឹងធ្វើរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃទី០១ ខែសីហា ហើយយោធាអាមេរិក និងឥណ្ឌូនេស៊ីបានធ្វើរៀបចំធ្វើសមយុទ្ធយោធារួមគ្នានេះ តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ នេះបើយោងតាមប្រភពមួយចំនួនដែលបានបញ្ជាក់ប្រាប់ Nikkei។
តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូនេស៊ីនៅជុំវិញប្រជុំកោះនេះ បានត្រួតលើគ្នាមួយផ្នែកជាមួយនឹងអ្វីដែលគេហៅថា "បន្ទាត់៩ (Nine-dash line)" ដែលភាគីចិនបានគូរ ដើម្បីបោះបង្គោលយុត្តាធិការរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
ទោះបីជាប្រជុំកោះ Natuna ស្ថិតនៅខាងក្រៅខ្សែបន្ទាត់៩នេះក៏ដោយ ប៉ុន្តែទូកនេសាទរបស់ចិន និងនាវារដ្ឋាភិបាលត្រូវបានប្រទះឃើញបើកល្បាតនៅជិតកោះនេះជាហេតុបង្ខំឱ្យប្រទេសឥណ្ឌូនេស៊ីដាក់កងទ័ពជើងទឹកប្រចាំការនៅក្នុងប្រជុំកោះនេះតែម្ដង។
ល្បែងសង្គ្រាមនៃសមយុទ្ធយោធា Garuda Shield នៅឆ្នាំនេះ នឹងមានការចូលរួមពីប្រទេសចំនួន ១៤ រួមទាំងក្រុមប្រទេសជាអ្នកសង្កេតការណ៍ផងដែរ។ បើតាមប្រភព័ត៌មានបានឱ្យដឹងថា ប្រទេសទាំងនេះបានរួមបញ្ចូលទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដាព្រមទាំងប្រទេសជិតខាងឥណ្ឌូនេស៊ីដូចជាសិង្ហបុរី និងម៉ាឡេស៊ីជាដើម។ កងកម្លាំងស្វ័យការពារដីគោករបស់ប្រទេសជប៉ុន ក៏នឹងចូលរួមក្នុងកងការពារលំហាត់យោធាGaruda ជាលើកដំបូងរបស់ខ្លួនផងដែរ។
លំហាត់យោធាទាំងនេះអាចជាសមយុទ្ធ Garuda Shield ដ៏ធំបំផុតមួយដោយគេរំពឹងថា កងទាហានសរុបចំនួន ៣ពាន់នាក់នឹងចូលរួមនៅក្នុងលំហាត់យោធានេះ ហើយចំនួននេះមានការកើនឡើងជាងកាលពីឆ្នាំមុន៥០%។
ដូចទៅនឹងឆ្នាំមុនដែរគឺថា សមយុទ្ធយោធានេះ នឹងត្រូវធ្វើនៅលើកោះបាទូរ៉ាដា (Baturada) ដែលជាផ្នែកមួយនៃកោះសូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី និងធ្វើនៅលើកោះ កាលីម៉ាន់តាន់ (Kalimantan) នៅក្នុងខេត្ត អំបូរ៉ាវ៉ាង (Amborawang) ផងដែរ។ សមយុទ្ធនេះនឹងផ្តោតលើលំហាត់ហោះឆ្លងកាត់សមុទ្រ ដើម្បីកែលម្អទំនាក់ទំនងផ្លូវសមុទ្រ ការសង្គ្រោះតាមសមុទ្រ និងលំហាត់ហោះហើរដោយប្រើផ្លូវរត់បណ្តោះអាសន្ន។
សូមបញ្ជាក់ថា ពេលនេះកងកម្លាំងការពាររដ្ឋចចជា (GSDF) ដែលឈរជើងនៅប្រទេសជប៉ុនក៏កំពុងតែត្រៀមខ្លួនចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយយោធាសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ីនេះផងដែរ៕