ឯកសារសម្ងាត់របស់យោធាវៀតណាម បានទម្លាយគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសវៀតណាម មិនទុកចិត្តសហរដ្ឋអាម៉េរិក នោះឡើយ ហើយទន្ទឹមនឹងការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក វៀតណាមក៏ត្រៀមខ្លួនសម្រាប់ជម្លោះដែលអាចកើតមានផងដែរ។ ឯកសារដែលចងក្រងដោយក្រសួងការពារជាតិ វៀតណាម ក្នុងឆ្នាំ២០២៤ ស្តីពីផែនការឈ្លានពានលើកទី២របស់សហរដ្ឋអាម៉េរិកនេះ បានចាត់ទុកសហរដ្ឋអាម៉េរិក ជាមហាអំណាចដែលអាចបង្កអរិភាព ហើយព្រមានថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងប្រើសម្ពាធយោធា ឬគាំទ្រ បដិវត្តន៍ពណ៌ ដើម្បីធ្វើឱ្យថ្នាក់ដឹកនាំកុម្មុយនីស្តវៀតណាមចុះខ្សោយ។ ខណៈដែលឯកសារនេះលើកឡើងថា សង្គ្រាមមិនទំនងជាកើតឡើងឆាប់ៗនេះយ៉ាងណាក្ដី ក៏វាជំរុញឱ្យមានការប្រុងប្រយ័ត្នប្រឆាំងនឹងលេសណាមួយ ដែលសហរដ្ឋអាម៉េរិក អាចនឹងប្រើប្រាស់ ដើម្បីធ្វើអន្តរាគមន៍ តួយ៉ាងដូចនៅវេណេស៊ុយអេឡាជាដើម។
របាយការណ៍សម្ងាត់នេះឆ្លុះបញ្ចាំងពីការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងជួរថ្នាក់ដឹកនាំយោធា និងក្រុមអភិរក្សនិយមរបស់វៀតណាមថា សហរដ្ឋអាម៉េរិក ចង់ផ្សព្វផ្សាយតម្លៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់វៀតណាម បន្តិចម្តងៗ។ ក្រុមអ្នកវិភាគនិយាយថា ការព្រួយបារម្ភនេះត្រូវបានចែករំលែកនៅទូទាំងក្រសួងជាច្រើន។
នេះផ្ទុយស្រឡះពីនយោបាយការទូត ដែលវៀតណាម បានបង្ហាញឱ្យពិភពលោកឃើញជាសាធារណៈ។ នៅឆ្នាំ២០២៣ វៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរបស់ខ្លួន។ យ៉ាងណាក៏ដោយ ឯកសារនេះបង្ហាញថា ទីក្រុងហាណូយ មិនចាត់ទុកទីក្រុងវ៉ាស៊ីនតោន ជាដៃគូយុទ្ធសាស្ត្រពិតប្រាកដនោះទេ ហើយគ្មានគម្រោងចូលរួមកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាម៉េរិក ដើម្បីទប់ឥទ្ធិពលរបស់ប្រទេសចិន នោះឡើយ។
ក្រុមអ្នកជំនាញនិយាយថា ការភ័យខ្លាចដ៏ធំបំផុតរបស់វៀតណាម មិនមែនប្រទេសចិន នោះទេ គឺភាពចលាចលផ្ទៃក្នុងដែលគាំទ្រដោយមហាអំណាចបរទេស។ ប្រទេសចិន ត្រូវបានចាត់ទុកជាគូប្រជែងក្នុងតំបន់ មិនមែនជាការគំរាមកំហែងដល់គណបក្សកាន់អំណាចរបស់វៀតណាម នោះឡើយ។ ដោយមានប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ចំណែកឯសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន វៀតណាម នៅតែបន្តរក្សាតុល្យភាពដោយប្រុងប្រយ័ត្នរវាងមហាអំណាចទាំងពីរ។
សរុបជារួម ឯកសារនេះបង្ហាញពីយុទ្ធសាស្ត្រ២របស់វៀតណាម គឺពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ហើយទន្ទឹមនេះវៀតណាម ក៏កំពុងត្រៀមខ្លួនដោយស្ងាត់ៗសម្រាប់លទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោន អាចងាកមកប្រឆាំងនឹងខ្លួននៅថ្ងៃណាមួយ៕
ដោយ: តែម សុខុម