
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានហៅលោក អ៊ីហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ និងលោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) នាយករដ្ឋមន្ត្រីនៃប្រទេសអាម៉េនី មកកាន់សេតវិមាន ដើម្បីឱ្យចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ៣៥ឆ្នាំរវាងប្រទេសទាំងពីរ ដែលរួមបញ្ចូលទាំងគម្រោងកសាង វិថី ដូណាល់ ត្រាំ សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ (TRIPP) ដែលជាវិថីប្រវែង៤៣ គីឡូម៉ែត្រ តភ្ជាប់ប្រទេសអាហ្ស៊ែបៃហ្សង់ ទៅកាន់តំបន់ព្រំដែនរបស់តួកគីផងដែរ។
បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ស្ទេវ វីតខូហ្វ (Steve Witkoff) បានធ្វើកិច្ចការ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាដៃគូផ្តាច់មុខរវាងសហរដ្ឋអាម៉េរិក និងប្រទេសអាម៉េនី ដែលក្រុមហ៊ុនអាម៉េរិក នឹងអភិវឌ្ឍវិថីខាងលើនេះ និងដំណើរការគ្រប់គ្រងវារយៈពេល៩៩ឆ្នាំ ដោយមិនរំលោភលើអធិបតេយ្យភាពអាម៉េនី។
ការស្ថាបនាវិថីខាងលើនេះនឹងជួយបង្កើនឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅចំច្រករបៀងកណ្ដាល ដែលជាផ្លូវពាណិជ្ជកម្មរវាងអឺរ៉ុប និងមហាយក្សចិន ដែលអាចនឹងទាញចំណាប់អារម្មណ៍ឱ្យងាកចេញពីគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ របស់មហាយក្សចិន។ ក្រុមអ្នកវិភាគបានលើកឡើងថា កត្តានេះនឹងពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងការប្រកួតប្រជែងនឹងមហាយក្សចិន។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកមានមោទនភាពដែលបានក្លាយជាប្រធានាធិបតីនៃសន្តិភាព។ ជាការកត់សម្គាល់ លោក កំពុងគំរាមរុស្ស៊ី ឱ្យឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន ឱ្យបានឆាប់ ហើយលោក ក៏ជាអ្នកផ្ដួចផ្ដើម និងបញ្ជាឱ្យកម្ពុជា-ថៃ ឈានដល់បទឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌផងដែរ រហូតកម្ពុជា គាំទ្រ លោក ត្រាំ សម្រាប់បេក្ខភាពពានរង្វាន់ណូបែលសន្តិភាព ដើម្បីបង្ហាញការដឹងគុណដែលលោកបានជួយដល់កម្ពុជា៕
ដោយ: តែម សុខុម