លោក តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីទទួលបន្ទុកថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិង្ហបុរី បានអះអាងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា សិង្ហបុរីនឹងបង្កើតទីភ្នាក់ងារអវកាសជាតិមួយនៅអំឡុងខែមេសា ខាងមុខ។ លោកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអវកាសលើកដំបូងនៅសិង្ហបុរី ថា ទីភ្នាក់ងារអវកាសជាតិនេះនឹងផ្តល់នូវវិបុលភាព និងភាពជាអ្នកនាំមុខដ៏រឹងមាំ ដើម្បីជួយឱ្យសិង្ហបុរី អាចចាប់យកឱកាសក្នុងសេដ្ឋកិច្ចអវកាស ដែលកំពុងរីកដុះដាល ក៏ដូចជាទាញយកផលប្រយោជន៍ពីការចូលប្រើប្រាស់លំហអាកាសបែបប្រជាធិបតេយ្យ។
លោកបានអះអាងថា តាមពិតទៅសិង្ហបុរី បានយកចិត្តទុកដាក់នឹងបញ្ហានេះប្រហែលជា៥០ឆ្នាំមកហើយ ដូច្នេះការបង្កើតទីភ្នាក់ងារអាវកាសជាតិនេះ គឺជាការបើកសោរ ដើម្បីឲ្យសិង្ហបុរីអាចផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើកម្មវិធី និងសកម្មភាពបច្ចេកវិទ្យាអវកាសជាក់លាក់។
រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើសិង្ហបុរី មិនប្រញាប់ប្រញាល់ដើរឱ្យទាន់សភាពការណ៍ទេ នោះឱកាស និងសក្តានុពលសេដ្ឋកិច្ចអាវកាសរបស់សិង្ហបុរី អាចនឹងបាត់បង់ ព្រោះបច្ចុប្បន្នការប្រកួតប្រជែង និងការគ្រប់គ្រងលំហរអាកាសកាន់តែចង្អៀត និងស្មុគស្មាញជាងមុន។
គួរបញ្ជាក់ថា កម្មវិធីអាវកាសមិនមែមជាកម្មវិធីថ្មីសម្រាប់អាស៊ាននោះទេ ព្រោះបច្ចុប្បន្នបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនជាដើម សុទ្ធតែមានទីភ្នាក់ងារអវកាសរៀងៗខ្លួន៕
ដោយៈ សរ សុជាតិ