ច្បាប់ចរាចរណ៍ផ្លូវគោក

អ្នកតាមដានស្ថានការណ៍សង្គមស្នើឱ្យរដ្ឋាភិបាលពង្រឹងវិជ្ជាជីវៈការចុះអនុវត្តច្បាប់ផាកពិន័យរបស់មន្ត្រីប៉ូលិសចរាចរណ៍


នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ការចុះអនុវត្តច្បាប់របស់មន្ត្រីប៉ូលិសចរារចរណ៍នៅតាមគោលដៅមួយចំនួនបានបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ខូចខាតរថយន្តរបស់អ្នកដំណើរ និងបង្កឱ្យពលរដ្ឋរងរបួស និងស្លាប់ជាដើម។ អ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា រាជរដ្ឋាភិបាល គួរតែពង្រឹងវិជ្ជាជីវៈការចុះអនុច្បាប់ដល់មន្រ្តីប៉ូលិសចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយបាតុភាពផ្សេងៗ។
ច្បាប់ចរាចរណ៍ផ្លូវគោក
ដោយ

លើសពីនេះ ពួកគេស្នើមន្ត្រីនគរបាលចរាចរណ៍ប្រើវិធានការអប់រំជាជាងពិន័យជាប្រាក់ពីប្រជាពលរដ្ឋ។ ជុំវិញករណីបង្កឱ្យមានមនុស្សស្លាប់នៅតាមគោលដៅចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងចាត់មន្ត្រីជំនាញស៊ើបអង្កេតនឹងផ្តន្ទាទោសតាមនីតិវិធីច្បាប់។ តើអ្នកតាមដានយល់ឃើញយ៉ាងណាខ្លះ ជុំវិញការចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីប៉ូលិសចរាចរណ៍?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាមួយដ៏ចម្រូងចម្រាស ព្រោះតែងតែឃើញមានប្រជាពលរដ្ឋបង្ហោះសារលើបណ្ដាញសង្គមពីការខូតខាតទ្រព្យសម្បត្តិ ការផាកពិន័យជាប្រាក់ហួសកម្រិត និងការប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យជាដើម។ ​យ៉ាងណាមិញ លោកបណ្ឌិត យង់ ពៅ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបណ្តុះបណ្តាល និងពង្រឹងវិជ្ជាជីវៈ ដល់មន្ត្រីប៉ូលិសចរាចរណ៍ក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាយថាហេតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស ក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋ ជាពិសេសគួរតែអប់រំពីច្បាប់ចរាចរណ៍ជាជាងផាកពិន័យជាប្រាក់ពីប្រជាពលរដ្ឋ។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី កត់សម្គាល់ឃើញថា នៅប្រទេសជិតខាងកម្ពុជា ការដាក់ពង្រាយកុងត្រូលដើម្បីត្រួតពិនិត្យចរាចរណ៍ផ្លូវគោកហាក់មានកន្លែងច្បាស់លាស់ តែការដាក់កុងត្រូលនៅកម្ពុជាវិញហាក់ដូចជាមិនមានទីតាំងមួយជាក់លាក់ នឹងឆ្មក់ចាំស្ទាក់ផាកពិន័យទៅវិញ។ តែយ៉ាងណាលោកកត់សម្គាល់ឃើញថា ការយល់ដឹង និងការគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋកម្ពុជា ហាក់នៅមានកម្រិត ដែលទាមទារឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជាក់ស្ដែងនៅទីក្រុងភ្នំពេញ កន្លែងដែលពុំមានប៉ូលិសចរាចរណ៍ត្រួតពិនិត្យពលរដ្ឋមួយចំនួនបានបើកបរបំពានច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ លោកបណ្ឌិត មាស នី សំណូមពរដល់ប៉ូលិសចរាចរណ៍ដែលចុះត្រួតពិនិត្យចរាចរណ៍ផ្លូវគោក គួរតែមានអ្វីជាសញ្ញា ដើម្បីបង្ហាញជាសារធារណៈឱ្យអ្នកបើកបរតាមដងផ្លូវបានត្រៀមខ្លួនជាមុន។

​ពាក់ព័ន្ធការលើកឡើង ដែលថាការចុះអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីនគរបាលចរាចរបណ្តាលឱ្យមានមនុស្សស្លាប់ខាងលើនេះដែរ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រសួងមហាផ្ទៃ បានចូលរួមរំលែកទុក្ខដល់គ្រួសារសព ក្រោយសមាជិកគ្រួសារបានទទួលមរណភាពអំឡុងពេលមន្រ្តីប៉ូលិសចរាចរណ៍កំពុងចុះអនុវត្តច្បាប់។ បើតាមលោក ទូច សុឃៈ ក្រោយទទួលបានដំណឹងនេះ ក្រសួងមហាផ្ទៃ កំពុងរៀបចំចាត់មន្ត្រីជំនាញចុះទៅស៊ើបអង្កេតដល់កន្លែងកើតហេតុ ដើម្បីស្វែករកពីមូលហេតុជាក់លាក់ ប្រសិនរកឃើញថា មន្រ្តីប៉ូលិសចរាចរណ៍មានកំហុស នោះនឹងត្រូវផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់។

​គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីប៉ូលិសចរាចរណ៍ដែលដាក់គោលដៅចុះអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ លើសពីនេះត្រូវអនុវត្តទៅតាមជំនាញដើម្បីធានាឱ្យបាននូវលទ្ធផលជាវិជ្ជមាន៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការមានស្តុកអង្ករលើសរបស់ឥណ្ឌូនេស៊ី អាចធ្វើឱ្យប៉ះពាល់ការនាំចេញអង្កររបស់កម្ពុជាដែរ ឬទេ?

ឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន ត្រូវបានគេរំពឹងថា អាចផលិតស្បៀង ជាពិសេសអង្ករសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឆ្ន…

អ្នកចិញ្ចឹមគោរំពឹងការផ្អាកការនាំចូលសត្វពាហនៈ និងសាច់សត្វពីថៃ ជួយជំរុញតម្លៃសត្វគោឱ្យកាន់តែមានភាពល្អប្រសើរ

កម្ពុជា បានសម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីគ្រប់ច្រកព្រំដែនថៃ ទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងជំងឺឈាមខ្មៅ ឬអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ