អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ជឿជាក់ថា តាមរយៈអត្រាពន្ធបដិការ១៩%ដែលកម្ពុជា ទទួលបាននាពេលកន្លងមក និងអត្រាពន្ធ០% លើទំនិញមួយចំនួននេះ វានឹងធ្វើឱ្យកម្ពុជា មានសក្តានុពលកាន់តែខ្លាំងក្នុងការទាក់ទាញ អ្នកវិនិយោគ និងជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក បានកាន់តែប្រសើរបន្ថែមទៀត។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលធ្វើជាសាក្សីនៃការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី មេដឹកនាំកម្ពុជា និងអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការថ្មីមួយ ដោយក្នុងនោះ អាម៉េរិក បានលើកលែងពន្ធ០% លើមុខទំនិញមួយចំនួនរបស់កម្ពុជា នាំចូលទៅកាន់ទីផ្សារអាម៉េរិក។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីមុខទំនិញទាំងនេះនោះទេ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការសម្រេចបាននូវលទ្ធផលថ្មីនេះ គឺដោយសារសហរដ្ឋអាម៉េរិក មើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចពាណិជ្ជកម្មល្អជាមួយអាម៉េរិក គោរពតាមវិធានប្រភពដើមកំណើតទំនិញ ក៏ដូចជាការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ច្បាប់អន្តរជាតិ និងការខិតខំប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗជាដើម។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន សុវិជាតិ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នៅតែរក្សាបានភាពល្អប្រសើរគួរឱ្យកត់សម្គាល់មកទល់ពេលនេះ និងទទួលបានការបញ្ជាទិញថ្មីជាបន្តបន្ទាប់។ យ៉ាងណាមិញតាមរយៈការទទួលបានបន្ទាត់ពន្ធ០% លើទំនិញមួយចំនួនពីសហរដ្ឋអាម៉េរិក បន្ថែមទៀតនេះ ឯកឧត្តម ជឿជាក់ថា វានឹងកាន់តែផ្តល់សក្តានុពលខ្ពស់សម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនថ្មីៗ ដើម្បីវិនិយោគលើការផលិតទំនិញទាំងនោះសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
គួរជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក បានឈានដល់ជាង៩ពាន់៥រយលានដុល្លារកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំជាង៩ពាន់២រយលានដុល្លារកើនឡើងជាង២២% ខណៈការនាំចូលពីអាម៉េរិកមកកម្ពុជាវិញមានទំហំជិត៣រយលានដុល្លារកើនឡើងជិត៤៧%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕