
ជាមួយគ្នានេះ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ៉ និងនេសាទខេត្តបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋជួយគាំទ្រផលដំណាំដាំដោយកសិករក្នុងស្រុក ដើម្បីជាការលើកទឹកចិត្តដល់កសិករ។
លោក ឡៅ គីមឡេង កសិករដាំដំឡូងជ្វាម្នាក់នៅខេត្តបាត់ដំបងបានលើកឡើងថា កាលពីខែមុនដំឡូងជ្វារបស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៣០០ទៅ៣៥០រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយទាបធ្វើឱ្យលោក និងកសិករប្រមូលលក់ទាំងខាតដើម។ ប៉ុន្តែក្រោយកសិករប្រមូលផលជិតអស់ដំឡូងជ្វាបានហក់ឡើងថ្លៃមកវិញបន្តិចចន្លោះពី៥០០រៀលទៅ៦០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ ព្រោះត្រូវចំណាយខ្ពស់លើជី និងថ្លៃឈ្នួលរើសដំឡូង។ ទន្ទឹមនឹងនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាឱ្យដំឡូងជ្វាលក់បានក្នុងតម្លៃចន្លោះពី៩០០រៀលទៅ១,០០០រៀលក្នុង១គីឡូក្រាម ទើបអាចជួយដល់លោក និងកសិករឯទៀតទទួលបានប្រាក់ចំណេញគ្រាន់ដោះស្រាយការចំណាយប្រចាំថ្ងៃ។
មិនខុសគ្នានោះទេលោក ឈឿន រុំ កសិករដាំដំឡូងជ្វានៅខេត្តបាត់ដំបងម្នាក់ដែរនោះ បានអះអាងថា នៅឆ្នាំនេះលោកបានសម្រេចលក់ដំឡូងជ្វាទាំងខាតដើមអស់ប្រាក់ប្រមាណ៣លានរៀល។ កសិកររូបនេះបានបន្ថែមថា តម្លៃដំឡូងជ្វាបច្ចុប្បន្ននេះមិនអាចផ្ដល់ប្រាក់ចំណេញដល់កសិករបាននៅឡើយទេ បើធៀបកាលពីឆ្នាំមុនដំឡូងជ្វានៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃ១,៥០០រៀលក្នុង១គីឡូក្រាមឯណោះ។ តែយ៉ាងណាកសិកររូបនេះនៅតែបន្តដាំដំឡូងជ្វាបន្តទៀត ព្រោះលោកមានសង្ឃឹមថាតម្លៃដំឡូងជ្វានឹងឡើងថ្លៃមកវិញ។
ជាមួយគ្នានេះលោក ហឿង វណ្ណៈ ឈ្មួញកណ្ដាលប្រមូលទិញដំឡូងជ្វាពីកសិករនៅខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នលោកបានប្រមូលទិញដំឡូងជ្វាពីកសិករក្នុងតម្លៃជាង៥០០រៀល ខណៈកាលពីខែមុនដំឡូងជ្វាមានតម្លៃតែ៣រយរៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ ឈ្មួយកណ្តាលរូបនេះបានវាយតម្លៃថា ទីផ្សារដំដូងជ្វានៅតំបន់លោកអាចនឹងហក់ឡើងដល់ក្នុងរង្វង់១០០០រៀលក្នុង១គីឡូក្រាមក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារបច្ចុប្បន្នដំឡូងជ្វាត្រូវបានប្រមូលផលជិតអស់ហើយ។ តែយ៉ាងណាក្រោយខនខានមិនអាចនាំចូលទៅថៃបាន លោក បានជួយរកទីផ្សារដំឡូងដល់កសិករតាមរយៈនាំចេញទៅវៀតណាម ក៏ដូចជាលក់ក្នុងស្រុក។
ពាក់ព័ន្ធបញ្ហានេះដែរលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងសំណូមពរដល់ប្រជាពលរដ្ឋចូលរួមជួយគាំទ្រដំណាំកសិកម្ម ដែលដាំដុះដោយកសិករ ដើម្បីផ្ដល់ជាកម្លាំងចិត្តឱ្យកសិករបន្តដាំដំណាំនេះបន្តទៀត៕
អត្ថបទដោយ៖ ជា ម៉ារ៉ា