ដំណាំស្វាយចន្ទី

ក្រុមហ៊ុនជប៉ុន ប្រមាណ២០ក្រុមហ៊ុននឹងមកសិក្សាលទ្ធភាពទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចនៅកម្ពុជា ខណៈអ្នកជំនាញហាក់បារម្ភពីសមត្ថភាពផ្គត់ផ្គង់


ប្រធានសមាគមស្វាយចន្ទីកម្ពុជា ហាក់មានការព្រួយបារម្ភចំពោះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដែលនៅមានកម្រិតនៅឡើយ ខណៈក្រុមហ៊ុនបញ្ជាទិញខ្នាតធំមកពីជប៉ុន និងចិន កំពុងសម្រុកមកសិក្សាទីផ្សារទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ដើម្បីនាំចេញ។ ការបង្ហាញក្តីបារម្ភនេះកើតឡើងស្របពេលខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ហាក់នៅមិនទាន់ដើរទាន់សម្ទុះ នៃតម្រូវការទីផ្សារអន្តរជាតិ ដែលចង់បានផលិតផលសម្រេចជាជាងគ្រាប់ឆៅ។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅអំឡុងថ្ងៃទី៩ និងទី១០ ខែមីនា ខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុន ប្រមាណ២០ក្រុមហ៊ុនចុះមកសិក្សា និងធ្វើធុរកិច្ច និងសិក្សាលទ្ធភាពទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារផ្សេងៗទៀត។ យ៉ាងណាមិញ អ្នកជំនាញរូបនេះបារម្ភថា សកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នអាចនឹងពុំមានលទ្ធភាពឆ្លើយតបគ្រប់គ្រាន់តាមចំនួនដែលក្រុមហ៊ុនចង់បាននោះទេ។ ក្រៅពីក្រុមហ៊ុនជប៉ុន ប្រធានសមាគមរូបនេះបានគូសបញ្ជាក់ថា ក្រោយពិធីបុណ្យចូលឆ្នាំចិនរួច ក៏នឹងមានក្រុមហ៊ុនចិន ជាច្រើនទៀតចុះមកកម្ពុជា ដើម្បីស្វែងរកការបញ្ជាទិញសម្បកគ្រាប់ស្វាយចន្ទី សម្រាប់យកទៅកែច្នៃចម្រាញ់ជាប្រេងផងដែរ។

​ពាក់ព័ន្ធនឹងស្ថានភាពផលដាំដុះវិញ លោក អួន ស៊ីឡុត បានប៉ាន់ប្រមាណថា មកទល់ពេលនេះការប្រមូលផលគ្រាប់ស្វាយចន្ទីទើបសម្រេចបានប្រមាណ៥% ប៉ុណ្ណោះ ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណា តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅដើមរដូវឆ្នាំ ២០២៦ នេះ ហាក់មានស្ថិរភាពល្អប្រសើរ ដោយកសិករអាចលក់បានក្នុងតម្លៃប្រមាណ ៦,២៥០រៀលក្នុងមួយគីឡូក្រាម។

យោងតាមទិន្នន័យឆ្នាំ២០២៥ កម្ពុជា មានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីជាង៥០ កន្លែង ប៉ុន្តែក្នុងនោះមានតែ៦កន្លែងប៉ុណ្ណោះជារោងចក្រខ្នាតមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧,០០០តោនទៅ១៤០,០០០តោនក្នុងមួយឆ្នាំ ខណៈសហគ្រាសជាង៤០ទៀតជាសិប្បកម្មលក្ខណៈគ្រួសារ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១,២ លានតោន និងបាននាំចេញទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារកើនឡើង២៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង ៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយជំរុញឱ្យម៉ាឡេស៊ី ក្លាយជាអ្នកវិនិយោគធំទី២ របស់កម្ពុជា បន្ទាប់ពីចិន?

ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងម៉ាឡេស៊ី មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ស្របពេលដែលម៉ាឡេស៊ី…

បញ្ហាបំណុល និងភាពទន់ខ្សោយនៃសេដ្ឋកិច្ចនឹងក្លាយជាបន្ទុកសម្រាប់រដ្ឋាភិបាលចម្រុះរបស់លោក អានុទីន

បញ្ហាបំណុលគ្រួសារ កំណើនសេដ្ឋកិច្ចយឺត និងការធ្លាក់ចុះកម្លាំងទិញរបស់ពលរដ្ឋ កំពុងក្លាយជាវិញ្ញាសាដ៏លំបាកបំផុតសម្រាប់រដ្ឋាភិបាលចម្រុះថ្មីរបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ