ស្របពេលដែលប្រទេសជប៉ុនកំពុងប្រឈមនឹងការចាក់វ៉ាក់សាំងយឺតយ៉ាវជូនប្រជាជនខ្លួន ប៉ុន្ដែជប៉ុននៅតែបន្ដគិតគូរដល់ការចូលរួមចំណែកជួយផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រក្នុងពិភពលោក។ ជាក់ស្ដែង បើតាមមន្ត្រីជានខ្ពស់ជប៉ុនប្រាប់បញ្ជាក់ថ្មីៗនេះថា រដ្ឋាភិបាលកំពុងពិចារណាផ្ដល់ថវិកាបន្ថែម៧០០ទៀត ពីលើថវិកា២០០លានដុល្លារដែលជប៉ុនធ្លាប់បានផ្ដល់ដល់កម្មវិធី Covax នាពេលកន្លងមក។
បើតាមអ្វីដែលជាផែនការរបស់កម្មវិធី Covax គឺគ្រោងនឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ឲ្យបានដល់ ១ពាន់៨រយលានដូស ដើម្បីចាក់ជូនពលរដ្ឋប្រមាណ ៣០% នៃប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ មកទល់ពេលនេះ កម្មវិធីរបស់អង្គការសុខភាពពិភពលោកមួយនេះ បានចែកចាយវ៉ាក់សាំងប្រមាណ៥៨លានដូសហើយ ទៅកាន់ប្រទេសស្ថិតក្រោមកម្មវិធីនេះ ចំនួន១២២ប្រទេស។
សូមបញ្ជាក់ថា ជប៉ុន ជាមហាយក្សសេដ្ឋកិច្ចមួយ ដែលមានទាំងធនធាន មានទាំងសមត្ថភាព សម្រាប់ទិញវ៉ាក់សាំង ប៉ុន្តែជប៉ុនបែរទៅជាប្រទេស ដែលមានការចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេទៅវិញ បើធៀបនឹងក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7។ ពោលគឺ ជប៉ុន មានប្រជាជនមិនដល់១%ផង ដែលបានទទួលការចាក់វ៉ាក់សាំង ខណៈដែលនៅអាមេរិកបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានដល់ទៅ ៤០%នៃចំនួនពលរដ្ឋសរុបទៅហើយ ខណៈដែល អង់គ្លេសចាប់បានជិត៥០% និងបារាំងបានជាង២០%។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានធំៗជាច្រើន៕