វិស័យការបរទេស

ផ្អើលប្រទេសថៃ! អ្នកជំនាញថៃ ដ៏ល្បីម្នាក់ថា ផែនទីដែលថៃ គូរដោយឯកតោភាគីមិនអាចយកទៅដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា បានទេ


លោក ស៊ុរ៉ាឆាត បាំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយដ៏ល្បីល្បាញមួយរូបរបស់ថៃ បានសរសេរលិខិតចំហមួយច្បាប់ផ្ញើជូនលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ។ នៅក្នុងលិខិតនោះ លោក បានលើកឡើងនូវចំណុចគតិយុត្តិ និងរំលឹកដល់លោកនាយករដ្ឋមន្ត្រីថៃ អំពីការប្រកាន់ជំហរតាមបែបជាតិនិយមជ្រុលហួសហេតុមកលើប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផែនទីកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ តើខ្លឹមសារនៃលិខិតចំហនេះមានទម្ងន់ផ្នែកច្បាប់អន្តរជាតិកម្រិតណា?
វិស័យការបរទេស
ដោយ

សារព័ត៌មាន ម៉ាទិឈុន របស់ថៃ បានចុះផ្សាយលិខិតរបស់លោក ស៊ុរ៉ាឆាត ទាំងស្រុង ដែលមានខ្លឹមសារចង្អុលបង្ហាញយ៉ាងច្បាស់ៗពីការប្រើប្រាស់ផែនទីកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ផែនទីមាត្រដ្ឋាន១/៥០,០០០ ដែលលោក អានុទីន កំពុងយកធ្វើជាឧបករណ៍នយោបាយ ដើម្បីកៀរគរប្រជាប្រិយភាព និងសំឡេងគាំទ្រពីក្រុមជាតិនិយមនៅក្នុងប្រទេសនោះ គឺគ្រាន់តែជាផែនទី ដែលប្រទេសថៃ បានគូរឡើងដោយឯកតោភាគីតែប៉ុណ្ណោះ ពោលគឺមិនអាចយកមកប្រើប្រាស់ក្នុងការចរចាជាលក្ខណៈអន្តរជាតិបានឡើយ។
នៅក្នុងលិខិតនោះ លោក ស៊ុរ៉ាឆាត បានពន្យល់ណែនាំលោក អានុទីន ថា ក្នុងការចរចាដោះស្រាយបញ្ហាវិវាទព្រំដែនអន្តរជាតិ រវាងរដ្ឋភាគី ដែលមានជម្លោះ គឺអាចប្រើប្រាស់បានតែផែនទីណាដែលទទួលបានការផ្តល់សច្ចាប័នរួមគ្នាហើយតែប៉ុណ្ណោះ។ ចំណែកឯផែនទីណាផ្សេងទៀត ដែលមិនបានទទួលការផ្តល់សច្ចាប័នពីភាគីទាំងសងខាង មិនអាចយកមកធ្វើជាភស្តុតាងគតិយុត្តិក្នុងការចរចាដោះស្រាយរឿងព្រំដែនជាលក្ខណៈអន្តរជាតិ បានជាដាច់ខាត។
លោកបានបន្តរំលឹកថា ដូចដែលលោកនាយករដ្ឋមន្ត្រី អានុទីន បានជ្រាបយ៉ាងច្បាស់ហើយថា ក្នុងប្រវត្តិសាស្ត្រអតីតព្រះរាជាណាចក្រសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាផ្លូវការពាក់ព័ន្ធនឹងការកំណត់ព្រំដែនរបស់ប្រទេសកម្ពុជា និងថៃ ចំនួន៣សំខាន់ៗរួមមានសន្ធិសញ្ញាឆ្នាំ១៨៩៣, អនុសញ្ញាឆ្នាំ១៩០៤ ដែលជាការកែសម្រួលសន្ធិសញ្ញាឆ្នាំ១៨៩៣ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
តាមរយៈយន្តការប្រវត្តិសាស្ត្រទាំងនេះ ផែនទីផ្លូវការមួយត្រូវបានផលិតឡើងដោយគណៈកម្មការចម្រុះកំណត់ព្រំដែន ស្របតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ហើយថែមទាំងមានការបោះពុម្ពផ្សាយផែនទីច្បាប់ចម្លងចំនួន៥០ច្បាប់ បញ្ជូនទៅឱ្យរដ្ឋាភិបាលសៀម ដោយកាលនោះ ស្ថានទូតសៀម ប្រចាំទីក្រុងប៉ារីស បានទទួលផែនទីទាំងនេះរួចរាល់តាំងពីខែសីហា ឆ្នាំ១៩០៨ មកម៉្លេះ។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ក្នុងករណីមានបញ្ហា ឬមានជម្លោះព្រំដែនណាមួយកើតឡើងរដ្ឋាភិបាលថៃ និងកម្ពុជា ត្រូវតែប្រើប្រាស់សន្ធិសញ្ញា និងផែនទីប្រវត្តិសាស្ត្រទាំងនេះធ្វើជាឧបករណ៍ និងជាទឡ្ហីករណ៍តែមួយគត់សម្រាប់ដោះស្រាយជម្លោះ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវតែអនុវត្តតាមសន្ធិសញ្ញា និងផែនទីទាំងនេះជាដាច់ខាត ដោយមិនចាំបាច់ខ្វល់ខ្វាយថា ផែនទីនោះមានមាត្រដ្ឋានប៉ុនណានោះឡើយ ព្រោះវាជាផែនទីស្របច្បាប់ ដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ។ ចំណុចនេះត្រូវបានកំណត់ជាគោលការណ៍គ្រឹះនៅក្នុងនយោបាយអន្តរជាតិ និងច្បាប់អន្តរជាតិថា ផែនទីដែលមិនបានទទួលការផ្តល់សច្ចាប័នយល់ព្រមពីភាគីជម្លោះ គឺមិនអាចយកមកប្រើប្រាស់ ឬយកមកអះអាង ដើម្បីទាមទារសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋណាមួយតាមផ្លូវច្បាប់បានឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អាម៉េរិក បើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើការអនុវត្តកម្មសិទ្ធិបញ្ញារបស់វៀតណាម ដែលអាចឈានទៅរកការដំឡើងពន្ធថ្មី

សហរដ្ឋអាម៉េរិក បានចាប់ផ្តើមដំណើរការស៊ើបអង្កេតពាណិជ្ជកម្មជាលើកទី៣ លើប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជុំវិញបញ្ហាកម្មសិទ្ធិបញ្…

យុវជនថៃ ជំនាន់ Gen Z ជាង៤លាននាក់ កំពុងវ័ណ្ឌកជាមួយបំណុលដោយសារល្បែងអនឡាញ

មជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យារបស់ថៃ បានទម្លាយទិន្នន័យគួរឱ្យភ្ញាក់ផ្អើលថា គិតត្រឹមដើមឆ្នាំ២០២៦ មានយុវជនថៃ ជំនាន់ Gen Z ដែលមានអាយុចន្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ