សារព័ត៌មាន Bloomberg បានចុះផ្សាយថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានប្រកាសពីការបើកការស៊ើបអង្កេតជាផ្លូវការ ដើម្បីពិនិត្យមើលសកម្មភាព និងគោលនយោបាយរបស់វៀតណាម ជុំវិញការការពារ និងការអនុវត្តកម្មសិទ្ធិបញ្ញា ដែលអាម៉េរិក ចាត់ទុកថា ជាការធ្វើពាណិជ្ជកម្មមិនស្មើភាព។
លោក ជេមីសុន ហ្គ្រៀរ (Jamieson Greer) តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក មានគម្រោងពិគ្រោះយោបល់ផ្ទាល់ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងចំណាត់ការនេះ។ ការស៊ើបអង្កេតនេះ គឺធ្វើឡើងអនុលោមតាមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មអាម៉េរិក ដែលអាចបើកផ្លូវឱ្យមានការយកពន្ធថ្មីបន្ថែមលើទំនិញនាំចូលពីវៀតណាម។ មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា អាម៉េរិក ចង់ឃើញវៀតណាម ដោះស្រាយកង្វល់យូរអង្វែងទាំងនេះ រួមទាំងបញ្ហា នៃការអនុវត្តកម្មសិទ្ធិបញ្ញាឱ្យមាននិរន្តរភាព ដើម្បីរារាំងការរំលោភបំពាននានានាពេលអនាគត។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញបានលើកឡើងថា បញ្ហាកម្មសិទ្ធិបញ្ញាគ្រាន់តែជាលេសខាងក្រៅប៉ុណ្ណោះ ប៉ុន្តែបំណងពិតប្រាកដ គឺសម្ពាធនយោបាយពាណិជ្ជកម្ម។ ក្នុងរយៈពេល១៣ឆ្នាំ នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាម៉េរិក មានឱនភាពពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយវៀតណាម ដោយកាលពីឆ្នាំ២០២៥ កន្លងទៅ គម្លាតពាណិជ្ជកម្មមានទំហំរហូតដល់ទៅ១៧៨ពាន់លានដុល្លារអាម៉េរិក។ អ្នកជំនាញព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិក រកឃើញកំហុសមែននោះ វៀតណាមនឹងត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការដំឡើងពន្ធគយថ្មី ដែលនឹងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញ បាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស និងរងសម្ពាធកាន់តែខ្លាំងក្នុងការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាង (Pham Thu Hang) បានបញ្ជាក់ថា វៀតណាម ស្នើឱ្យអាម៉េរិក វាយតម្លៃដោយភាពម៉ឺងម៉ាត់ គោលបំណងច្បាស់លាស់ និងយុត្តិធម៌។ យ៉ាងណាមិញលោកស្រី បានសង្កត់ធ្ងន់ថា អាម៉េរិក គួរតែទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាក់ស្តែងរបស់វៀតណាម ក្នុងស្មារតីស្ថាបនា និងសហប្រតិបត្តិការ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-សហរដ្ឋអាម៉េរិក ដើម្បីផលប្រយោជន៍របស់ប្រជាជន និងអាជីវកម្មនៃប្រទេសទាំងពីរ៕
ដោយៈ សរ សុជាតិ