
នាសន្និសីទសារព័ត៌មានស្តីពីតម្លៃថ្មីសម្រាប់រថយន្តនាំចូលពីអាម៉េរិកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា កន្លងមកការនាំចូលរថយន្តពីអាម៉េរិកមកកាន់ទីផ្សារកម្ពុជាមានតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ តែក្រោយរាជរដ្ឋាភិបាលកម្ពុជាលើកលែងពន្ធនាំចូល វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនជាអ្នកប្រើប្រាស់ ដោយអាចទទួលបានតម្លៃល្អប្រសើរជាងមុន តាមរយៈការកាត់បន្ថយពន្ធនាំចូលបានចំនួន៣៥% ធៀបនឹងតម្លៃពន្ធនាំចូលនាពេលកន្លងមក។ ជាក់ស្តែងរថយន្តម៉ូដែល FORD RAPTOR F150 ដែលនាំចូលពីអាម៉េរិកក្រោមបន្ទាត់ពន្ធ០% មានការធ្លាក់ថ្លៃរហូតដល់២ម៉ឺនដុល្លារអាម៉េរិកក្នុង១គ្រឿង។
បើតាមការអះអាងរបស់លោក ងន សាំង ទោះបីការលើកលែងពន្ធអាចធ្វើឱ្យមានការហូររថយន្តថ្មីៗពីអាម៉េរិកមកកាន់ទីផ្សារកម្ពុជាច្រើនក៏ដោយ តែបញ្ហានេះពុំបានបង្កផលប៉ះពាល់ដល់ទីផ្សាររថយន្តដំឡើងក្នុងស្រុក ក៏ដូចជាទីផ្សាររថយន្តនាំចូលពីបណ្តាប្រទេសផ្សេងៗនោះទេ ដ្បិតថាកន្លងមកកម្ពុជាក៏មានការអនុគ្រោះពន្ធនាំចូលរថយន្តពីប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។
ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងបានចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។ គួរជម្រាបថា រថយន្តដែលទទួលបានការអនុគ្រោះពន្ធ០% ដាច់ខាតជារថយន្តមានដើមកំណើតនៅអាម៉េរិក និងជាប្រភេទរថយន្តថ្មី ខណៈរថយន្តដែលនាំចូលពីប្រទេសផ្សេង ឬរថយន្តមានដើមកំណើតនៅប្រទេសផ្សេងហើយមានរោងផ្គុំ និងដំឡើងនៅអាម៉េរិក គឺមិនទទួលបានការអនុគ្រោះពន្ធ០%នោះទេ។ កម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តការយន្ធគយ០% លើទំនិញនាំចូលពីអាម៉េរិកចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥៕