ខណៈជំហានបន្ទាប់ គឺប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីផ្សារភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើនទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិកាដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅក្នុងឆ្នាំទី២នេះអាទិភាពសំខាន់ៗរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងផ្តោតលើការពង្រីកបណ្តាញជើងហោះហើរ ការពង្រឹងភស្តុភារ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនការតភ្ជាប់ពហុមធ្យោបាយ និងជំរុញសមាហរណកម្មជាមួយវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តួយ៉ាងស្ថានីយទំនិញថ្មីមានទំហំប្រមាណ៤ហិកតា ដែលរំពឹងថា នឹងមានសមត្ថភាពប្រមាណពីរដងនៃស្ថានីយបច្ចុប្បន្ន និងស្ថានីយ VVIP ថ្មី កំពុងឈានដល់ការបញ្ចប់ការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ យ៉ាងណាមិញ បើតាមការវាយតម្លៃមួយចំនួនក្នុងវិស័យឧស្សាហកម្មបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោ និងគម្រោងអភិវឌ្ឍទីក្រុងរណបជុំវិញអាកាសយានដ្ឋានអាចរួមចំណែករហូតដល់ ៥% ដល់កំណើន GDP ប្រចាំឆ្នាំរបស់កម្ពុជា។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍលើផ្ទៃដី ប្រមាណ ២,៦០០ហិកតា ជាមួយទុនវិនិយោគប្រមាណ ២.៣ ពាន់លានដុល្លារអាមេរិក និងជាអាកាសយានដ្ឋានកម្រិត ICAO Code 4F ដែលអាចទទួលយន្តហោះខ្នាតធំ ដូចជា Airbus A380 និង Boeing 747។ ដោយ ដំណាក់កាលទី១ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ១៣ ទៅ១៥ លាននាក់ក្នុងមួយឆ្នាំ និងអាចពង្រីកសមត្ថភាពជាបន្តបន្ទាប់ដល់ ៣០ លាននាក់ និង ៥០ លាននាក់ តាមដំណាក់កាលនៃការអភិវឌ្ឍ៕
អត្ថបទ ខេមបូណូមីស និងរូបភាពឯកសារ