កាលពីថ្ងៃទី១៥ ខែតុលា កំពូលមហាសេដ្ឋី Elon Musk បានបង្ហាញរថយន្តស្ព័រអគ្គិសនី Tesla Roadster ជំនាន់ថ្មី នៅរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក ដោយបង្ហាញសមត្ថភាពបើកបរ ហោះហើរ និងសំកាំងខ្លួនយ៉ាងអស្ចារ្យដែលមើលទៅហាក់ដូចរថយន្តក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នៅក្នុងការបង្ហាញដ៏កក្រើកនេះ រថយន្តស្ព័រអគ្គិសនី Tesla Roadster ជំនាន់ថ្មី បានបើកឡើងលើផ្លូវចំណោត រួចត្រឡប់ខ្លួនកណ្តាលអាកាស និងប្រើប្រព័ន្ធបាញ់ខ្យល់ដែលបំពាក់លើរថយន្តដើម្បីជួយគ្រប់គ្រងចលនា និងចុះចតដោយសុវត្ថិភាព។ រថយន្តនេះ ក៏បានបង្ហាញសមត្ថភាពហោះរំលងរថយន្តជាច្រើនគ្រឿងដែលតម្រៀបជាជួរ ដោយគ្មានអ្នកបើកបរនៅខាងក្នុងផងដែរ។
លោក Elon Musk អះអាងថា រថយន្តស្ព័រអគ្គិសនីជំនាន់ថ្មីនេះ អាចបង្កើនល្បឿនពីសូន្យដល់ប្រហែល ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលតិចជាងមួយវិនាទី។ លោក ក៏បានលើកឡើងពីផែនការចាប់ផ្តើមផលិតរថយន្តនេះនៅឆ្នាំ២០២៨ ផងដែរ។
ទោះជាយ៉ាងណា ការបង្ហាញនេះមិនទាន់បញ្ជាក់ថា Tesla Roadster អាចហោះហើរបានចម្ងាយឆ្ងាយ ឬហោះហើរដោយសេរីដូចយន្តហោះនោះទេ។ សមត្ថភាពជាក់ស្តែង និងផែនការផលិតរបស់វានៅតែត្រូវការការបញ្ជាក់បន្ថែម។ តើរថយន្តស្ព័រអគ្គិសនី Tesla Roadster ជំនាន់ថ្មី នឹងក្លាយជារថយន្តនៃថ្ងៃអនាគត ដែលអាចផ្លាស់ប្តូររបៀបធ្វើដំណើររបស់មនុស្ស ឬគ្រាន់តែជាការបង្ហាញបច្ចេកវិទ្យាដ៏អស្ចារ្យមួយ? ចម្លើយពិតប្រាកដនៅតែត្រូវរង់ចាំពេលវេលាជាអ្នកបញ្ជាក់៕
ដោយ: តែម សុខុម