ជាមួយគ្នានេះកាលពីពេលថ្មីៗ មន្ត្រីគយរបស់វៀតណាមក៏បានឆ្មក់ចូលឆែកឆេរទូកុងតឺន័រនៅកំពង់ផែនេះចំនួន៣ផងដែរ ដោយបានរកឃើញកញ្ឆាក្រៀម និងសារធាតុញៀនជាច្រើនតោន។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប្រតិបត្តិការបង្ក្រាបការរត់ពន្ធកញ្ឆាក្រៀមកាលពីថ្ងៃទី២០ ខែកក្កដា បានអង្រួនមុខមាត់ប្រទេសថៃ សាជាថ្មីក្នុងនាមជាមជ្ឈមណ្ឌលរត់ពន្ធកញ្ឆាសកល។ តាមការឱ្យដឹងពីអាជ្ញាធរ ក្រុមហ៊ុននាំចេញបានបន្លំភ្នែកសមត្ថកិច្ច ដោយប្រកាសក្នុងលិខិតផ្លូវការថា ជាទំនិញភួយ និងខ្នើយចំនួន៦២៦កញ្ចប់ទម្ងន់ជាង៣២តោន។ ប៉ុន្តែនៅពីក្រោយការគ្រប់គ្រងដ៏ធូររលុង និងចន្លោះប្រហោង នៃប្រព័ន្ធត្រួតពិនិត្យ ក្រុមឧក្រិដ្ឋជនបានលាក់បង្កប់កញ្ឆាក្រៀមរហូតដល់ជិត២តោនតម្លៃប្រមាណ១៦លានបាត ឬជិត៥០ម៉ឺនដុល្លារនៅពីក្រោមកញ្ចប់ទំនិញទាំងនោះ។
រឿងដែលគួរឱ្យហួសចិត្តនោះ បើទោះបីជានាយកដ្ឋានគយថៃ បានចេញមុខប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់លើបទបន្លំឯកសារគយ និងរំលោភលើច្បាប់គ្រប់គ្រងកញ្ឆាឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏មហាជនមើលឃើញថា នេះគ្រាន់តែជាការធ្វើស្រែលើខ្នងកង្កែប ឬជាការបង្កើតច្បាប់នៅលើក្រដាសតែប៉ុណ្ណោះ ខណៈដែលបទល្មើសជាក់ស្តែងនៅតែអាចកើតឡើងបានយ៉ាងងាយស្រួលនៅក្នុងកំពង់ផែអន្តរជាតិធំជាងគេរបស់ប្រទេស។
ការបង្ក្រាបបានកញ្ឆាជិត២តោននេះមិនមែនជាមោទនភាពរបស់សមត្ថកិច្ចថៃឡើយ ផ្ទុយទៅវិញវាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបរាជ័យ នៃគោលនយោបាយកញ្ឆារបស់រដ្ឋាភិបាលថៃ។ គិតត្រឹមត្រីមាសទី២ឆ្នាំ២០២៦ ប្រទេសថៃបានកសាងឈ្មោះបោះសំឡេងអវិជ្ជមានទូទាំងពិភពលោកខាងផ្នែករត់ពន្ធគ្រឿងញៀន និងកញ្ឆារាប់សិបតោនទៅបរទេស រហូតទទួលបានរហស្សនាមថា មហាអំណាចកញ្ឆាខុសច្បាប់។
ពាក់ព័ន្ធបញ្ហានេះបានបង្ខំឱ្យអាជ្ញាធរកំពង់ផែអន្តរជាតិ និងប៉ូលិសអន្តរជាតិ (Interpol) ដាក់ប្រទេសថៃ ក្នុងបញ្ជីខ្មៅដោយត្រូវបង្កើនការរឹតបន្តឹង និងស្កែនពិនិត្យយ៉ាងល្អិតល្អន់បំផុតលើគ្រប់ទូកុងតឺន័រទាំងអស់ ដែលដឹកចេញពីប្រទេសថៃ ដែលនេះជាភាពអាម៉ាស់មួយបន្ថែមទៀតលើឆាកអន្តរជាតិចំពោះការដឹកនាំរបស់រដ្ឋាភិបាលថៃ៕
អត្ថបទៈ សួន ឡង់ទី