
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា ខណៈដែលថៃ និងកម្ពុជា គ្រោងចុះកិច្ចព្រមព្រៀងសន្តិភាពនៅចុងខែនេះ ប្រទេសថៃ ហាក់មានការខ្វែងគំនិតគ្នារវាងយោធា និងរដ្ឋាភិបាល និងសំឡេងប្រឆាំងពាក់ព័ន្ធកិច្ចព្រមព្រៀងនេះ ដែលបានបង្កជាក្ដីបារម្ភក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជា មិនត្រូវធ្វើតាមសំណើរបស់ថៃ ដែលតម្រូវឱ្យដកសព្វាវុធ និងដោះមីនចេញពីខ្សែបន្ទាត់ព្រំដែនបាននោះទេ ព្រោះអាចផ្តល់ឱកាសដល់ថៃ អាចចូលឈ្លានពានកម្ពុជា បានយ៉ាងងាយស្រួល។ តែយ៉ាងណា លោកបណ្ឌិត បានចោទជាសំណួរថា តើមានអន្តរជាតិណាអាចដាក់ទោសដល់ប្រទេសថៃបាន? ខណៈកាលពីកន្លងទៅថៃ ចូលឈ្លានពានកម្ពុជា ទាំងកម្រោល រំលោភលើច្បាប់អន្តរជាតិ ហើយមិនមានអន្តរជាតិណាដាក់ការស្ដីបន្ទោសដល់ថៃ នោះទេ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍន៍សង្គម សង្កេតឃើញថា ជាប្រវត្តិសាស្រ្តអ្នកនយោបាយក្នុងស្រុកថៃ តែងលេងល្ខោនចំពោះមុខកម្ពុជា ពិសេសក្នុងទំនាស់តាមព្រំដែន ដូចនេះការសម្ដែងធ្វើជាមានមតិផ្ទុយគ្នារវាងយោធាថៃ និងរដ្ឋាភិបាលថៃ នេះ ជាវិធីសាស្រ្តមួយធ្វើឱ្យកម្ពុជា មានភាពលំបាកក្នុងការចរចារកដំណោះស្រាយ។ ពាក់ព័ន្ធការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅម៉ាឡេស៊ី អ្នកជំនាញរូបនេះយល់ថា ការចុះហត្ថលេខាលុះត្រាតែភាគីថៃ មានការចូលរួមទាំងភាគីយោធា និងស៊ីវិល នោះទើបការអនុវត្តកិច្ចព្រមព្រៀងមិនមានភាពផុយស្រួយ។ ប៉ុន្តែក្នុងករណីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចរាល់ ហើយថៃ មិនគោរពតាមកិច្ចព្រមព្រៀងនេះ នោះថៃនឹងប្រឈមមុខចំពោះតុលាការអន្តរជាតិ ជាពិសេសប្រឈមជាមួយអាម៉េរិក តែម្តង។
ស្រដៀងគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ប្រសិនបើភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចរាល់ ហើយថៃ នៅតែបន្តឈ្លានពានលើកម្ពុជា នោះថៃ អាចនឹងប្រឈមមុខជាមួយសហរដ្ឋអាម៉េរិក ខណៈលោក ត្រាំ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជាជាមួយថៃ។
គួរបញ្ជាក់ថា ប្រមុខការទូតកម្ពុជា បានអះអាងថា ភាគីថៃនឹងដោះលែងកងកម្លាំងកម្ពុជា ទាំង១៨នាក់ ដែលថៃ បានចាប់ និងឃុំខ្លួនដោយខុសច្បាប់ ក្រោយកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងធ្វើឡើងនៅចុងខែតុលា នេះ ក្រោមវត្តមានរបស់ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សី។ ប៉ុន្តែក្រោយការចេញផ្សាយព័ត៌មាននេះ អ្នកនាំពាក្យយោធាថៃ បានចេញមកអះអាងថា ថៃ មិនបានឯកភាពដោះលែងកងទ័ពទាំង១៨រូបរបស់កម្ពុជា នោះទេ៕
អត្ថបទ៖ ជា ម៉ារ៉ា