លោកស្រី ពួងថង ប៉ាវ៉ាកាផាន (Paungthong Pawakapan) សាស្ត្រាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជូឡាឡុងកន បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៨ ខែធ្នូ ថា ប្រទេសថៃ និងកម្ពុជា បានចោទគ្នាទៅវិញទៅមកជុំវិញអ្នកចាប់ផ្តើមវាយប្រហារមុន ក្រោយមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែន ដែលបានកើតឡើងតាំងពីថ្ងៃសៅរ៍ សប្តាហ៍មុន ប៉ុន្តែគ្មានភាគីទីបីអព្យាក្រឹត ឬសាក្សីគួរឱ្យទុកចិត្តណាមួយ ដើម្បីបញ្ជាក់ថា អ្នកណាកំពុងនិយាយការពិតឡើយ ដោយសារយន្តការអាស៊ាន ដែលគេស្គាល់ថា ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) នោះបានបរាជ័យទាំងស្រុងក្នុងការអនុវត្តភារកិច្ចត្រួតពិនិត្យជម្លោះព្រំដែននេះ។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយក្រោមការចូលរួមធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងប្រធានាធិបតីអាម៉េរិក លោក Donald Trump។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុម AOT ក៏ត្រូវបានបង្កើតឡើងដើម្បីជំនួសក្រុមត្រួតពិនិត្យបណ្តោះអាសន្នដោយមានតំណាងមកពីរដ្ឋសមាជិកអាស៊ាន និងមានភារកិច្ច ដើម្បីធានាថា ប្រទេសទាំងពីរប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបទឈប់បាញ់ និងរាយការណ៍អំពីវឌ្ឍនភាពទៅប្រាប់អាស៊ាន។
អ្នកជំនាញរូបនេះជឿជាក់ថា បើគ្មានភាគីអព្យាក្រឹតទេ ប្រទេសទាំងពីរនឹងបន្តវដ្តនៃការចោទប្រកាន់ និងការវាយប្រហារគ្នាទៅវិញទៅមកជាក់ជាមិនខាន។ ដើម្បីគេចពីពីជម្លោះ ភាគីទាំងពីរត្រូវតែកាត់បន្ថយភាពតានតឹងជាមុនសិន។ ហើយដើម្បីឱ្យរឿងនេះអាចកើតឡើង អ្នកអង្កេតការណ៍អព្យាក្រឹតត្រូវតែតាមដានស្ថានការណ៍ឱ្យបានដិតដល់ ដើម្បីការពារភាគីណាមួយពីការបញ្ឆេះជម្លោះឡើងវិញ។ លោកស្រីជឿជាក់ថា ប្រទេសទាំងពីរនៅតែអាចត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ ព្រោះវាមិនទាន់យឺតពេលនោះទេ។
សម្រាប់អ្នកជំនាញរូបនេះ ប្រទេសថៃ និងកម្ពុជា បានឈានដល់ចំណុចមួយដែលមិនអាចដោះស្រាយបញ្ហាព្រំដែននេះជាលក្ខណៈទ្វេភាគីបានឡើយ។ ការចរចាបានបរាជ័យម្តងហើយម្តងទៀត ហើយយោធាទាំងពីរដឹងថា ភាគីទាំងពីរមិនអាចឈ្នះដោយកម្លាំងបានទេ ព្រោះយន្តការអន្តរជាតិ តែងតែត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍។
ដូច្នេះហើយពលរដ្ឋថៃ ដែលកំពុងជំរុញឱ្យមានសង្គ្រាមគួរតែយល់ថា ការមានជំនឿថា ប្រទេសថៃ ធំជាង ខ្លាំងជាង និងអាចកម្ចាត់កម្ពុជា ដោយយោធានោះនឹងមិនមែនជាការពិតទាំងស្រុងឡើយ។ សង្គមស៊ីវិលក្នុងប្រទេសទាំងពីរត្រូវតែជំរុញរដ្ឋាភិបាលរបស់ពួកគេឱ្យស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ ព្រោះសង្គ្រាមមិនបានផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ជាពិសេសសហគមន៍ព្រំដែន និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសទាំងពីរតែម្ដង៕
ដោយ៖ សុខ មង្គល