ដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ក៏ដូចជាប៉ះប៉ូវព្យាបាលរបួសសេដ្ឋកិច្ចនាពេលកន្លងមកប្រទេសថៃ ត្រូវការកញ្ចប់ថវិកាបន្ទាន់ក្នុងរង្វង់ជាង១៥ពាន់លានដុល្លារ សម្រាប់ដោះស្រាយសម្របសម្រួលគម្រោងជាប់គាំង ដែលជាកត្តារាំងស្ទះក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ។ លោក ឯកនិធិ និធិថានប្រាផាស (Ekniti Nitithanprapas) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ក្រសួងហិរញ្ញវត្ថុថៃ ចាំបាច់ត្រូវតែអនុម័តកញ្ចប់ថវិកា ដើម្បីពន្លឿនល្បឿន នៃការសាងសង់គម្រោងធំៗដែលជាប់គាំងប្រមាណ៨០គម្រោង ដែលភាគច្រើនត្រូវបានជាប់គាំងដោយសារមានភាពយឺតយ៉ាវលើការកសាងរោងចក្រ ការផ្តល់លិខិតអនុញ្ញាតិ និងឯកសារចាំបាច់មួយចំនួនទៀត។ បញ្ហានេះបានកើតឡើងចំពេលប្រទេសថៃ កំពុងតស៊ូជាមួយការវិនិយោគមានការធ្លាក់ចុះ តម្រូវការប្រើប្រាស់ក្នុងស្រុកចុះខ្សោយ និងការអនុម័តកញ្ចប់ថវិការចំណាយសាធារណៈមានការយឺតយ៉ាវ។
ស្ថិតក្នុងស្ថានភាពនេះ កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៦ ត្រូវបានគេព្យាករថា នឹងអាចថយចុះក្រោម២% ដែលជាកំណើនដែលរបស់ថៃ អាចសម្រេចបានក្នុងឆ្នាំ២០២៥ នេះ។ បើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ កញ្ចប់ថវិកាដែលបានស្នើខាងលើ វានឹងជួយជំរុញការវិនិយោគឲ្យដំណើរការទៅមុខក្នុងរយៈពេលខ្លី។
ដោយឡែក លោក ណារិត ថេតស្តេរ៉ាស៊ូឌី (Narit Therdsteerasukdi) អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ បានលើកឡើងថា តាមរយៈកញ្ចប់ថវិកាខាងលើវានឹងជួយដោះសោគម្រោងវិនិយោគ ដែលមានតម្លៃប្រមាណ១២ពាន់លានដុល្លារនៅក្នុងចន្លោះឆ្នាំ២០២៥ ទៅឆ្នាំ២០២៧ ហើយនឹងគម្រោងប្រមាណជា៦២ពាន់លានដុល្លារទៀត ដែលមិនទាន់បានកំណត់ពេលចាប់ផ្តើមដំណើរការ៕
ដោយៈ សរ សុជាតិ