លោក យ៉ុតឆាណាន់ វង់សាវ៉ាត (Yodchanan Wongsawat) រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា ដែលជាក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលើកឡើងនៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៤ ខែមិថុនា ថា លោក ថាក់ស៊ីន បានលាងដៃឈប់ធ្វើនយោបាយហើយ ហើយក៏គ្មានអំណាចណាមួយនៅក្នុងគណបក្សភឿថៃ ទៀតដែរ។ យ៉ាងណាមិញ លោក បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន នោះទេ ដោយគ្រាន់តែឆ្លើយតបថា លោកស្រី កំពុងបំពេញតួនាទីជាទីប្រឹក្សារបស់គណបក្ស ហើយសមាជិកម្នាក់ៗ ក៏កំពុងធ្វើការងារយ៉ាងសកម្ម។ បន្ថែមលើនេះ លោក ក៏បានច្រានចោលការរំពឹងទុក ដែលថា រូបលោកអាចនឹងឡើងកាន់តំណែងជាប្រធានគណបក្សភឿថៃ ផងដែរ។
ជាមួយគ្នានេះ លោក ជុឡាផាន់ អាម៉នវីវ៉ាត់ (Julapun Amornvivat) រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណបក្សភឿថៃ ក៏បានបដិសេធចំពោះការលើកឡើង ដែលថា លោក ថាក់ស៊ីន នឹងត្រឡប់មកមានឥទ្ធិពលលើគណបក្សភឿថៃ ឡើងវិញ។ លោកបានអះអាងយ៉ាងម៉ឺងម៉ាត់ថា លោក ថាក់ស៊ីន លែងលូកដៃចូលក្នុងរឿងរ៉ាវគណបក្សទៀតហើយ ហើយបច្ចុប្បន្ន គណបក្ស ក៏មានទិសដៅការងាររឹងមាំ និងច្បាស់លាស់រួចទៅហើយ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ឈប់សួរដេញដោលជុំវិញរឿងរ៉ាវថា តើលោក ថាក់ស៊ីន នឹងមកជ្រៀតជ្រែកក្នុងកិច្ចការគណបក្សទៀតឬទេ។
ដោយឡែក បើតាមប្រភពព័ត៌មានមិនផ្លូវការមួយចំនួននៅក្នុងប្រទេសថៃ បានទម្លាយឱ្យដឹងថា លោក ថាក់ស៊ីន កំពុងត្រៀមធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ (Dubai) នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រថៃ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅថ្មីៗនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស