លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានចាត់ទុកទំហំបំណុលសាធារណៈរបស់កម្ពុជា ដែលកើនដល់ជាង១៣ពាន់លានដុល្លារត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុមួយដែលស្ថិតក្នុងតំបន់សុវត្ថិភាពខ្ពស់ មានកម្រិតចាត់ចែងបានល្អ និងមានហានិភ័យទាបបំផុត បើធៀបនឹងស្តង់ដាហានិភ័យអន្តរជាតិ។ អ្នកជំនាញរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ដែលមានទំហំជិត៩២លានដុល្លារ ឬស្មើនឹង៣% នៃពិតានច្បាប់ ដោយវាបានបង្ហាញពីសញ្ញានៃការប្រុងប្រយ័ត្នខ្ពស់ និងការចម្រាញ់គម្រោងយ៉ាងហ្មត់ចត់ ពោលគឺមិនមែនឱ្យតែមានសិទ្ធិខ្ចី គឺខ្ចីយកមកចាយវាយនោះទេ ប៉ុន្តែត្រូវវាយតម្លៃជ្រើសរើសតែគម្រោងណា ដែលផ្តល់ផលចំណេញសេដ្ឋកិច្ចខ្ពស់ និងចំចាំបាច់បំផុតសម្រាប់ជាតិ។
ស្រដៀងគ្នានេះលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា បំណុលសាធារណៈរបស់កម្ពុជានៅតែស្ថិតក្នុងទំហំមួយដែលអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព ដោយសារភាគច្រើននៃបំណុលទាំងនោះ គឺជាឥណទានសម្បទាន ដែលមានអត្រាការប្រាក់ទាប និងមានរយៈពេលសងវែង។ បើតាមការយល់ឃើញរបស់អ្នកជំនាញរូបនេះ ការបន្តកើនឡើងនៃទំហំបំណុលសាធារណៈ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រហិរញ្ញវត្ថុវៃឆ្លាត ដើម្បីយកមកបណ្តាក់ទុនលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងធនធានមនុស្ស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិសកល។ លោកបានបន្ថែមថា អត្រាខ្ចីថ្មីត្រឹម៣% នៃពិតានច្បាប់បានសបញ្ជាក់យ៉ាងច្បាស់ពីការបន្តអនុវត្តវិន័យថវិកា និងការខ្ចីប្រាក់ដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានា ក្នុងទំហំសរុបជិត៩២លានដុល្លារអាម៉េរិក ស្មើនឹង៣% នៃពិតានដែលច្បាប់អនុញ្ញាត មានការកើនឡើងប្រមាណ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ នៅក្នុងរយៈពេលដូចគ្នានេះ រាជរដ្ឋាភិបាល ក៏បានទូទាត់សងបំណុលបានជាង២៨០លានដុល្លារមានការកើនឡើងប្រមាណ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនជាង២៥៧លានដុល្លារ និងបំណុលសាធារណៈក្នុងប្រទេសមានចំនួនជាង២៣លានដុល្លារ។
ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលតាមមូលដ្ឋានទិន្នន័យប៉ាន់ស្មានឆ្នាំ២០២៦ បង្ហាញថា ស្ថានភាពបំណុលសាធារណៈកម្ពុជាបន្តរក្សានូវចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹង ផ.ស.ស មានត្រឹមកម្រិត១៩,២% ធៀបនឹងអនុបាតគោល៥៥% និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស មានត្រឹមកម្រិត១៧,៩% ធៀបនឹងអនុបាតគោល៤០%៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ