ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខាហើយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អានុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថាសន្តិភាពនេះនៅស្ថិតស្ថិរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសចុះកិច្ចព្រមព្រៀងសន្តិភាពខាងលើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្ដីថ្លែងការណ៍រួមនេះ។ ទន្ទឹមនេះ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួមនេះ។
យ៉ាងណាមិញ ដោយទទួលស្គាល់ការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់ លោក ដូណាល់ ត្រាំ ក្នុងការលើកកម្ពស់សន្តិភាព មិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេ ថែមទាំងក្នុងចំណោមប្រជាជាតិទាំងឡាយ និងដើម្បីបង្ហាញនូវការដឹងគុណរបស់ប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផងដែរ
បើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានាមានសេចក្ដីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។ តាងនាមប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឹងម៉ាត់ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជា និងថៃ និងចំពោះកិច្ចខិតខំបប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយធ្វើឱ្យសមិទ្ធផលនេះក្លាយជាការពិត។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ លោក អាន់វ៉ា អ៊ីប្រាហ៊ីន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមកផងដែរ៕