សង្គ្រាមអ៊ីរ៉ង់បានធ្វើឱ្យពិភភពលោកក្រឡាប់ចាក់ជួបវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ នៅពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz។ បើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញនៅក្នុងរយៈពេល៥០ថ្ងៃនៃសង្គ្រាមអ៊ីរ៉ង់បានធ្វើឱ្យប្រេងបាត់បង់ពីទីផ្សារអន្តរជាតិក្នុងទំហំរាប់សិបពាន់លានដុល្លារ ដោយសារប្រេងជាង៥០០លានបារ៉ែលមិនត្រូវបានផលិត ហើយកត្តានេះបានបង្កឱ្យមានវិបត្តិថាមពលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
ក្រុមអ្នកវិភាគបានលើកឡើងថា អ្វីដែលបានកើតឡើងអំឡុងពេលវិបត្តិសង្គ្រាមនេះរួមមានបណ្ដាប្រទេសនៅឈូងសមុទ្របានបាត់បង់ផលិតកម្មប្រេងប្រមាណ៨លានបារ៉ែលក្នុងមួយថ្ងៃអំឡុងខែ
មីនា, ការនាំចេញប្រេងឥន្ធនៈយន្តហោះពីប្រទេសដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើមបានធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រេងឥន្ធនៈដែលបាត់បង់ទាំងនោះអាចផ្តល់ថាមពលដល់ជើងហោះហើរចំនួន២០,០០០ជើងរវាងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក និងទីក្រុងឡុងដ៍របស់អង់គ្លេស។
បញ្ហាសង្គ្រាមនៅមឈ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងជាមធ្យមប្រមាណ១០០ដុល្លារក្នុងមួយបារ៉ែល និងឱ្យទីផ្សារប្រេងខាតបង់ប្រមាណ៥០ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ១% នៃសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ឬស្មើនឹងទំហំសេដ្ឋកិច្ចទរបស់ប្រទេសតូចៗទាំងមូលដូចជាប្រទេសឡាតវី ឬអេស្តូនីជាដើម។ ការហក់ឡើងតម្លៃប្រេងឥន្ធនៈនេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងជំរុញឱ្យអតិផរណាទូទាំងពិភពលោកហក់ឡើងខ្ពស់។
ទោះបីជាស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងមានភាពធូរស្រាលខ្លះនាពេលខាងមុខ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការផ្គត់ផ្គង់ថាមពលសកលមិនអាចងើបឡើងវិញភ្លាមៗនោះទេ។ វាអាចនឹងត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ ដើម្បីឱ្យទីផ្សារវិលទៅរកភាពប្រក្រតីឡើងវិញ ខណៈស្លាកស្នាម នៃវិបត្តិនេះនឹងបន្តលងបន្លាចសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលវែង៕
ដោយ: តែម សុខុម