
លោក ហ៊ួ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ ក្រុមហ៊ុនអង្គរហ្គ្រីន បានចុះ MoU ជាមួយសមាគមកាហ្វេកម្ពុជា ក្នុងការសហការលើការគាំទ្របច្ចេកទេស និងផ្គត់ផ្គង់ធាតុចូលសកម្មដល់សមាគម និងកសិករដាំដុះដំណាំកាហ្វេនៅកម្ពុជា ដើម្បីបង្កើនសមត្ថភាពផលិតកាហ្វេរបស់ខ្លួនទាំងលើគុណភាព និងទិន្នផលសម្រាប់បង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញ។ ម្យ៉ាងទៀតកិច្ចសហការនេះ ក៏ជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃម៉ាកយីហោកាហ្វេរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើងផងដែរ ដ្បិតថាដំណាំកាហ្វេនៅកម្ពុជា បច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។
ជាមួយគ្នានេះ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារកាហ្វេនៅកម្ពុជា បច្ចុប្បន្នកំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែការផ្គត់ផ្គង់កាហ្វេដែលផលិតនៅក្នុងស្រុក គឺមានចំនួនតិចតួចនៅឡើយ ពោលគឺកម្ពុជា មានតម្រូវការប្រើប្រាស់កាហ្វេក្នុងរង្វង់ជាង១ម៉ឺនតោនទៅ២ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមប្រមាណជាង១ពាន់តោនប៉ុណ្ណោះ។ បើតាមប្រធានសមាគមរូបនេះ ដើម្បីបង្កើនការផ្គត់ផ្គង់ឱ្យបានគ្រប់តាមតម្រូវការប្រើប្រាស់ ការដាំដុះដំណាំកាហ្វេនៅកម្ពុជា ត្រូវបង្កើនឱ្យដល់ប្រមាណ៧ពាន់ហិកតា ខណៈបច្ចុប្បន្នមានប្រមាណ៨០០ហិកតាប៉ុណ្ណោះ ដូច្នេះតាមរយៈការសហការគ្នាជាមួយក្រុមហ៊ុនអង្គរហ្គ្រីននេះ លោករំពឹងថា កសិករដាំដំណាំកាហ្វេនៅកម្ពុជានឹងទទួលបាននូវបច្ចេកទេសដាំដុះកាន់តែប្រសើរ ជាមួយនឹងធាតុចូលកសិកម្មក្នុងតម្លៃសមរម្យ ដែលជំរុញឱ្យកសិករមានសមត្ថភាពក្នុងការបង្កើនការដាំដុះរបស់ខ្លួនបន្ថែម ដើម្បីជំរុញឱ្យការដាំកាហ្វេនៅកម្ពុជា កាន់តែមានភាពរីកចម្រើន។
គួរជម្រាបថា សមាគមកាហ្វេកម្ពុជា ទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្នុងគោលដៅដើម្បីចងក្រងសមាជិកដែលជាអ្នកដាំដុះកាហ្វេ អ្នកប្រកបអាជីវកម្មកាហ្វេ អ្នកប្រើប្រាស់កាហ្វេ ម្ចាស់អាជីវកម្មផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេគ្រប់ប្រភេទ អ្នកស្រាវជ្រាវ និងអ្នកផ្តល់សេវាកម្មដាំដុះ ដើម្បីជួយជំរុញឱ្យការដាំកាហ្វេនៅប្រទេសកម្ពុជា កាន់តែរីកចម្រើន និងមានវត្តមាននៅលើពិភពលោក៕