ឧស្ម័ន-​ប្រេង​ឥន្ធនៈ

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​នាំ​ចូល​ប្រេង​ពី​ក្រៅ​ប្រទេស​ប៉ុន្មាន​លាន​តោន?


កម្ពុជា​ជា​ប្រទេស​នាំ​ចូល​ប្រេង​ឥន្ធនៈ​ទាំង​ស្រុង​ពី​ក្រៅ​ប្រទេស​ដើម្បី​យក​មក​បំពេញ​តម្រូវការ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​នៅតែ​មិន​ទាន់​ទទួល​បាន​តំណក់​ប្រេង​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ឡើយ​នោះ​ទេ បើ​ទោះ​បី​ជា កន្លង​មក មាន​ក្រុមហ៊ុន​មួយ​ចំនួន​អះអាង​ថា នឹង​អាច​ទាញ​យក​តំណក់​ប្រេង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ ឆ្នាំ​នោះ រហូត​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​រុករក​ប្រេង​សិង្ហ​បុរី​មួយ ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី (KrisEnergy Ltd) រំពឹង​សន្យា​ថា នឹង​អាច​ទាញ​យក​តំណក់​ប្រេង​ដំបូង​ក្នុង​ចុង​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០​ខាង​មុខ។ 

ប៉ុន្តែ យ៉ាងណាក៏​ដោយ យើង​រង់ចាំ​មើល​ថា តើ​កម្ពុជា ប្រជាជន​កម្ពុជា ពិត​ជា​មាន​សំណាង​មែន​ដែរ ឬ​យ៉ាង​ណា នៅ​ពេល​ប្រទេស​ជាតិ​របស់​ខ្លួន​ទទួល​បាន​ភោគ​ផល​រ៉ែ​ធម្មជាតិ​ដ៏​កម្រ និង មាន​តម្លៃ​បំផុត​របស់​ជាតិ​នោះ។

ដោយឡែក ក្រឡេក​មក​មើល​​បច្ចុប្បន្នភាព​ឯណេះ​វិញ តើ​កម្ពុជា​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ក្រៅ​ប្រទេស​ក្នុង​មួយ​​ឆ្នាំៗ ប៉ុន្មាន​លាន​តោន និង​មក​ពី​ប្រទេស​ណា​ខ្លះ? 

បើ​យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ តាមរយៈ​ក្រសួង​រ៉ែ​និង​ថាមពល បាន​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​ឧស្ម័ន អិលភីជី ក្នុង​បរិមាណ​ជាង ២២​ម៉ឺន​តោន ដែល​ភាគ​ច្រើន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​និង​ថៃ។ ដោយឡែក កម្ពុជា​បាន​នាំ​ចូល​ប្រេង​ឥន្ទនៈ​សរុប​ប្រមាណ​ជាង ២​លាន​តោន​នៅ​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​ក៏​នាំ​ចូល​មក​ពី​ប្រទេស​ថៃ វៀតណាម និង​សិង្ហបុរី។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​​អគ្គនាយកដ្ឋាន​ប្រេង​កាត នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ កម្ពុជា​នឹង​អាច​ទាញ​យក​ផល​ប្រេង​បាន​ហើយ ហើយ​កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​កើត​ឡើង​ដែរ នៅ​ពេល​នោះ កម្ពុជា​ក៏​នឹង​អាច​កាត់​បន្ថយ​ការ​នាំចូល ដោយ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​នឹង​ងាក​មក​ប្រើ​ប្រាស់​ឧស្ម័ន​ក្នុង​ស្រុក​វិញ។

មន្ត្រី​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា វិស័យ​ដែល​កំពុង​ប្រើ​ប្រាស់​ឧស្ម័ន អិលភីជី ច្រើន​ជាង​គេ​នៅ​កម្ពុជា គឺ វិស័យ​ដឹក​ជញ្ជូន វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ពីព្រោះ​តម្លៃ​ឧស្ម័ន​ទាប​ជាង​តម្លៃ​ប្រេង​ឥន្ទនៈ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​សន្សំ​សំចៃ​បាន​ច្រើន។

សូម​ជម្រាប​ផង​ដែរ​ថា ក្រសួង​រ៉ែ​និង​ថាមពល​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​វិស័យ​ឧស្ម័ន ខណៈ​វិស័យ​នេះ​កំពុង​មាន​សក្តានុពល​ខ្លាំង​នៅ​កម្ពុជា ដែល​មួយ​ឆ្នាំៗ ការ​ផ្គត់ផ្គង់​និង​តម្រូវការ​ប្រើ​ប្រាស់​ឧស្ម័ន​កើន​ឡើង​លើស​ពី ២០​ភាគរយ​ក្នុង​ឆ្នាំ​កន្លង​ទៅ។ និង​ភាព​ទាក់ទាញ​មួយ​ទៀត គឺ​កម្ពុជា តាមរយៈ​ក្រសួង​រ៉ែ​និង​ថាមពល​ក៏​បាន​និង​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេង​កាត​ដើម្បី​ជំរុញ​បរិយាកាស​ធុរកិច្ច​អនុគ្រោះ​ដល់​ការ​វិនិយោគ។ 

នៅក្នុង​សន្និសីទ​ស្តីពី​ឧស្ម័ន អិលភីជី នៅ​កម្ពុជា ឆ្នាំ​២០១៨ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល បាន​លើក​ឡើង​ថា នេះ​វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​កម្ពុជា​បាន​បើក​ចំហ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​ឧស្ម័ន​ដែល​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន និង​ឧស្សាហ​កម្ម។៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្នាក់ងារអ្នកផ្ដល់សេវា អចលនទ្រព្យ នៅតែកើន ដើរស្របទៅនឹងកំណើននៃវិស័យនេះ

ព័ត៌មាន
គិតមកទល់ចុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថា ការបង្កើតក្រុមហ៊ុនអាជីវកម្មភ្នាក់ងារផ្ដល់សេវាទិញលក់អចលនទ្រព្យ ដែលមានជំនាញច្បាស់លាស់ នៅតែបន្តការកើ…

៩​ខែ​ឆ្នាំ​នេះ ទឹក​ប្រាក់​នាំចេញ​-នាំ​ចូល​របស់​កម្ពុជា​មាន​ជាង​២០​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ការនាំ​ចេញ នាំចូល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​កត់​សម្គាល់​តាមរយៈ​ទឹក​ប្រាក់​នៅ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៨​នេះ ឃើញ​ថា នៅ​តែ​មាន​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ