វិស័យការបរទេស

ការផុងខ្លួនក្នុងសង្រ្គាមនៅអ៊ីរ៉ង់ និងការចង់លេបទឹកដីកោះហ្គ្រីនឡែន រុញច្រានឱ្យពិភពលោកងាកចេញពីអាម៉េរិក ទៅរកចិន


ទស្សនៈវិស័យ និងតុល្យភាពអំណាចសកល ដែលធ្លាប់តែលម្អៀងទៅរកសហរដ្ឋអាម៉េរិកអស់រយៈពេលជាង២ទសវត្សរ៍មកនេះ បានរងការរង្គោះរង្គើយ៉ាងខ្លាំង។ ភាពក្អេងក្អាង និងការផុងខ្លួនយ៉ាងជ្រៅរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងជម្លោះយោធានៅអ៊ីរ៉ង់ រួមផ្សំនឹងមហិច្ឆតាលេបទឹកដីកោះហ្គ្រីនឡែន បានធ្វើឱ្យសម្ពន្ធមិត្ត និងពិភពលោកបាត់បង់ទំនុកចិត្តស្ទើរតែទាំងស្រុងលើសហរដ្ឋអាម៉េរិក។
វិស័យការបរទេស
ដោយ

សារព័ត៌មាន The Straits Times បានចុះផ្សាយថា នេះជាលើកដំបូងហើយ ដែលមតិសាធារណៈសកលបានងាកទៅគាំទ្រ និងមើលឃើញប្រទេសចិន ក្នុងរូបភាពវិជ្ជមានជាងសហរដ្ឋអាម៉េរិក ដែលជាសញ្ញាបង្ហាញពីការដួលរលំ នៃឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចលោកខាងលិច។
ការសិក្សាថ្មីមួយរបស់វិទ្យាស្ថាន Pew Research Center ដែលជាស្ថាប័នស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានអះអាងថា នេះជាលើកដំបូងបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ នៃការស្ទង់មតិរបស់ខ្លួន ដែលបានរកឃើញថា ប្រទេសចិន កំពុងវ៉ាដាច់សហរដ្ឋអាម៉េរិក ក្នុងការទទួលបានការគាំទ្រ និងការមើលឃើញក្នុងរូបភាពវិជ្ជមានពីសាធារណជនលើពិភពលោក ដែលនេះស្តែងឱ្យឃើញពីការផ្លាស់ប្តូរដ៏សំខាន់ នៃទស្សនៈភូមិសាស្ត្រនយោបាយ និងឥទ្ធិពលអន្តរជាតិរបស់ប្រទេសមហាអំណាចទាំងពីរ។ ការស្ទង់មតិរបស់វិទ្យាស្ថាននេះបានបង្ហាញថា មនុស្សកាន់តែច្រើននៅជុំវិញពិភពលោកបានមើលឃើញប្រទេសចិន វិជ្ជមានជាងសហរដ្ឋអាម៉េរិក ដោយនិន្នាការនៃការផ្លាស់ប្តូរនេះ បានកើតមានឡើងសូម្បីតែក្នុងចំណោមប្រទេសជាសម្ពន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលមហាអំណាចទាំងពីរនេះកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ ដើម្បីដណ្តើមឥទ្ធិពលនៅក្នុងតំបន់ និងលើសកលលោក។
ការស្ទង់មតិខាងលើបានបង្ហាញថា មតិសាធារណៈចំពោះសហរដ្ឋអាម៉េរិក បានធ្លាក់ចុះកាន់តែអាក្រក់ទៅៗ ខណៈប្រទេសចិន ឥឡូវនេះ ត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានជាងនៅក្នុងចំណោមប្រទេសចំនួន៣៦ រួមទាំង កាណាដា អូស្ត្រាលី បារាំង និងអាល្លឺម៉ង់ ដែលជាសម្ពន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាម៉េរិក។ ការស្ទង់មតិនៅក្នុងឆ្នាំ២០២៦ បានបង្ហាញថា ពលរដ្ឋនៅលើសកលលោកជិតពាក់កណ្តាលមានទស្សនវិជ្ជមានចំពោះប្រទេសចិន ខណៈដែលសហរដ្ឋអាម៉េរិក ទទួលបានការគាំទ្រត្រឹមតែ៣៦% ប៉ុណ្ណោះ ស្របពេលដែលការអង្កេតកាលពីឆ្នាំ២០២៣ សហរដ្ឋអាម៉េរិក ទទួលបានរហូតដល់៥៨% ហើយចិន មានត្រឹមតែ៣២%។
យោងរបាយការណ៍ស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ការបង្ហាញទស្សនៈអវិជ្ជមានចំពោះសហរដ្ឋអាម៉េរិកបែបនេះ កើតឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ឈានជើងចូលមកកាន់សេតវិមានជាលើកទីពីរ។
ដោយឡែកពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់វិញ ការស្ទង់មតិដែលធ្វើឡើងលើមនុស្សជាង៤ម៉ឺននាក់ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា បានបង្ហាញថា អ្នកឆ្លើយសំណួរជាច្រើនបានបង្ហាញការគាំទ្រទីក្រុងប៉េកាំង ដែលបានព្យាយាមបង្ហាញខ្លួនឯងថា ជាប្រទេសមានស្ថិរភាព។ ជាមួយគ្នានេះឥទ្ធិពលរបស់លោក ត្រាំ បានរងការរង្គោះរង្គើ ដោយសារតែលោកបានដឹកនាំ និងដាក់ចេញនូវគោលនយោបាយ ដែលបង្កផលប៉ះពាល់ដល់ពិភពលោក សូម្បីតែសម្ពន្ធមិត្តប្រពៃណីរបស់ខ្លួន ដូចជាគោលនយោបាយពន្ធគយ និងការគំរាមកំហែងរបស់លោកចំពោះទឹកដីដែនកោះ ដូចជាករណីកោះហ្គ្រីនឡែនជាដើម។ មកទល់ពេលនេះ នៅក្នុងចំណោមប្រទេសទាំង៣៦ ដែលត្រូវបានអង្កេតមានប្រទេសតែ៦ប៉ុណ្ណោះ រួមមាន ឥណ្ឌា ជប៉ុន ហ្វីលីភីន កូរ៉េខាងត្បូង អ៊ីស្រាអែល និងប៉ូឡូញ ដែលនៅបន្តមើលឃើញសហរដ្ឋអាម៉េរិក ក្នុងរូបភាពវិជ្ជមានជាងប្រទេសចិន៕




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា អ៊ីរ៉ង់ ចង់ជួបចរចា តែអ៊ីរ៉ង់ថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយអាម៉េរិក ខណៈអ្នកវិភាគព្រមានអំពីហានិភ័យនៃសង្គ្រាមគ្មានទីបញ្ចប់

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់ កំពុងស្វែងរកការជួបពិភាក្សា និងធ្វើកិច្ចព្រមព្រៀងថ្មីមួយឡើងវិញ ខណៈដែលយោធាសហរដ្…

ហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុប បោះទុនវិនិយោលើការផលិតយន្តហោះដ្រូនកាន់តែច្រើន?

ក្រោយពីបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្ដារវិស័យយោធារបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ