ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានគុណដល់លោក ត្រាំ ដែលបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ ទន្ទឹមនឹងនេះលោក អានវ៉ា បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តកិច្ចសន្ទនា គឺមានសារៈសំខាន់ណាស់ក្នុងការធានាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងស្ថិរភាពនៅក្នុងតំបន់។
ដោយឡែក នៅក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណង់
ម៉ាកូស លោក ត្រាំ បានរំឭកពីតួនាទីរបស់លោក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃអំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
លោក ត្រាំ បានលើកឡើងក្នុងសម្រង់សម្តីដើមថា៖«ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំមុននៅម៉ាឡេស៊ី ខ្ញុំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ ដែលគេស្គាល់ថា ជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ យើងបានសម្រេចឱ្យមានបទឈប់បាញ់មួយ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងប្រហែលជាច្រើនជាងនេះ។ ជាលទ្ធផលជនស៊ីវិលដែលបានរត់ភៀសសឹកច្រើនរាប់មិនអស់ ក៏អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»។
យ៉ាងណាមិញលោក ត្រាំ ប្តេជ្ញានឹងការពារបទឈប់បាញ់រវាងកម្ពុជា និងថៃ និងធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញតាមអ្វី ដែលបានព្រមព្រៀងគ្នាកាលពីមួយឆ្នាំមុន ហើយលោកជឿចាក់ថា បទឈប់បាញ់រវាងប្រទេសទាំងពីរនឹងនៅតែបន្ត។
តែយ៉ាងណាមកទល់ពេលនេះពលរដ្ឋខ្មែរជាង២ម៉ឺននាក់នៅតែបន្តរស់នៅភៀសសឹកមិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសំបែងដើមវិញបាននៅឡើយទេ ដោយសារមានការរារាំងពីយោធាថៃ។ ជាមួយគ្នានេះ ប្រមុខព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យភាគីថៃ ដែលតែងតែអះអាងថាខ្លួនជាអ្នកគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ សហការជាមួយកម្ពុជាចុះវាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង ដើម្បីប្រែក្លាយព្រំដែនជម្លោះទៅជាព្រំដែនសន្តិភាព៕