វាយអ៊ីរ៉ង់

វាយអ៊ីរ៉ង់មួយថ្ងៃដំបូងសហរដ្ឋអាម៉េរិកដុតកម្ទេចលុយចោលអស់ជិត៨០០លានដុល្លារ


ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះប្រតិបត្តិការយោធាដ៏ធំសម្បើមរបស់មហាអំណាចលេខ១សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ យោងតាមទិន្នន័យចងក្រងដោយទីភ្នាក់ងារព័ត៌មាន Anadolu បានទម្លាយឱ្យដឹងថា ត្រឹមតែរយៈពេល២៤ម៉ោងដំបូងប៉ុណ្ណោះ កងកម្លាំងអាម៉េរិកបានដុតកម្ទេចថវិកាអស់រហូតដល់ទៅជាង៧៧៩លានដុល្លារ ឬស្មើនឹងប្រមាណ០,១% នៃកញ្ចប់ថវិកាការពារជាតិទាំងមូលរបស់សហរដ្ឋអាម៉េរិកសម្រាប់ឆ្នាំ២០២៦។ តើថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានចំណាយទៅលើអាវុធទំនើបៗអ្វីខ្លះ?
វាយអ៊ីរ៉ង់
ដោយ

យោងតាមការបញ្ជាក់ពីទីបញ្ជាការកណ្ដាល នៃកងទ័ពអាម៉េរិក ប្រតិបត្តិការវាយលុកតាមអាកាសដ៏កក្រើកពិភពលោករបស់យោធាអាម៉េរិកទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានប្រើប្រាស់នូវកំពូលសព្វាវុធបច្ចេកវិទ្យាចុងក្រោយបង្អស់រួមមានយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit, ហ្វូងយន្តហោះប្រដេញកម្រិតខ្ពស់ F-22 Raptor, F-35 Lightning II, និងយន្តហោះចម្បាំង F-16។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិក ក៏បានបញ្ចេញយន្តហោះវាយប្រហារ A-10, យន្តហោះសង្គ្រាមអេឡិចត្រូនិច EA-18G ព្រមទាំងដ្រូនអត្តឃាត MQ-9 Reaper ហ៊ុមព័ទ្ធដោយនាវាផ្ទុកយន្តហោះថាមពលនុយក្លេអ៊ែរ និងប្រព័ន្ធការពារមីស៊ីល Patriot និង THAAD យ៉ាងខ្វាត់ខ្វែង។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន៤គ្រឿង ដែលបានហោះហើរត្រង់ពីមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouri។ យន្តហោះយក្សដែលផ្ទុកគ្រាប់បានជាង១៨តោននេះមានតម្លៃថែទាំខ្ពស់បំផុត ដោយគ្រាន់តែប្រតិបត្តិការរបស់ B-2 ក្នុងថ្ងៃដំបូង អាម៉េរិកត្រូវចំណាយប្រាក់ខ្ទង់ជាង៣០លានដុល្លារបាត់ទៅហើយ។

របាយការណ៍ដដែលបានបង្ហាញថា ការផ្ដុំកម្លាំងយន្តហោះចម្បាំងចម្រុះប្រភេទដូចជា F-18, F-16, F-22 និង F-35 ក្នុងផ្ទៃមេឃអ៊ីរ៉ង់ បានស៊ីដាច់កញ្ចប់ថវិកាប្រមាណជាង២៧១លានដុល្លារ។ បូករួមទាំងយន្តហោះឯកទេសដូចជា EA-18G Growler និងប្រព័ន្ធ LUCAS យន្តហោះល្បាត P-8 និងស្ថានីយប្រព័ន្ធមីស៊ីល HIMARS នៅលើដីផងនោះ សរុបថ្លៃដើមប្រតិបត្តិការទាំងអាកាស និងដីគោកកើនឡើងដល់ទៅជាង៤២៣លានដុល្លារ។

នៅឯមហាសមុទ្រឯណោះវិញ នាវាផ្ទុកយន្តហោះខ្នាតយក្សចំនួន២គ្រឿងរួមមាន USS Abraham Lincoln និង USS Gerald R. Ford អមដោយក្រុមនាវាពិឃាត បញ្ចេញឫទ្ធិយ៉ាងសន្ធាប់ ដែលការរក្សាវត្តមាននាវាទាំងនេះត្រូវចំណាយយ៉ាងហោចណាស់១៥លានដុល្លារក្នុងមួយថ្ងៃ ដោយមិនទាន់គិតបញ្ចូលការចំណាយបន្ទាប់បន្សំផ្សេងៗទៀតឡើយ។

អ្វីដែលជាការវាយប្រហារដ៏សាហាវបំផុតនោះ គឺការបាញ់ស្រោចនូវមីស៊ីលនាំផ្លូវ Tomahawk។ ទោះបីជាតួលេខផ្លូវការត្រូវបានលាក់បាំង ប៉ុន្តែអ្នកវិភាគប៉ាន់ស្មានថា មីស៊ីល Tomahawk ប្រមាណ២០០គ្រាប់ ត្រូវបានបាញ់ចេញ ដែលមានតម្លៃសរុបប្រហែលជាង៣៤០លានដុល្លារ។ នេះគឺជាសង្គ្រាមបច្ចេកវិទ្យាដ៏ថ្លៃបំផុត ដែលបង្ហាញពីអំណាចសាច់ប្រាក់ និងយោធាដ៏លើសលប់របស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រដ្ឋាភិបាលអារ៉ាប់រួមប្រកាសចេញថ្លៃសណ្ឋាគារ និងអាហារដល់អ្នកដំណើរ ដែលជាប់គាំងដោយសារសង្គ្រាម

ស្របពេលកំពុងជួបវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញនូវកាយវិការមនុស្សធម៌ដ៏គួរឱ្យកោតសរសើរ ដោយប្រកាសទទួលរ៉ាប់រ…

ភ្លើងសង្គ្រាមនៅអ៊ីរ៉ង់កំពុងអង្រួនសេដ្ឋកិច្ចអាម៉េរិក និងពិភពលោកឱ្យធ្លាក់ក្នុងមាត់ជ្រោះវិបត្តិ

សេដ្ឋកិច្ចអាម៉េរិក ដែលទើបតែដោះស្រាយវិបត្តិពាណិជ្ជកម្ម និងវិបត្តិអន្តោប្រវេសន៍មិនទាន់ទាំងរួចស្រួលបួលផង ពេលនេះត្រូវប្រឈមមុខនឹងភាពមិនប្រាកដប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ