ជុំវិញវិធានការដ៏ក្តៅគគុកនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងសង្គមបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែបានទទូចស្នើឱ្យរាជរដ្ឋាភិបាលពិចារណាបិទជាស្ថាពរតែម្តងជាជាងការផ្អាកត្រឹមរយៈពេលកំណត់ណាមួយ ដោយហេតុថា ល្បែងភ្នាល់អនឡាញ គឺជាឃាតករលាក់មុខ ដែលបំផ្លាញសេដ្ឋកិច្ចជាតិ ជីវភាពគ្រួសារ និងបង្កអសន្តិសុខក្នុងសង្គមយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចផ្អាកដំណើរការល្បែងភ្នាល់អនឡាញនៅតាមកាស៊ីណូទាំងអស់ចាប់ពីខែតុលា តទៅ ដើម្បីបង្កើនប្រសិទ្ធភាពលើការបង្រ្កាបបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមអនឡាញនៅកម្ពុជា។ ទន្ទឹមនេះ លោកបណ្ឌិត ក៏បានជំរុញឱ្យអាជ្ញាធរបង្កើនការបោសសម្អាតល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ដែលកំពុងរីករាលដាលនៅតាមមូលដ្ឋានឱ្យអស់ផងដែរ ដ្បិតវាជាដើមហេតុបង្កើតបំណុល អំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខសង្គម។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការច្បាប់ និងទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុតពាក់ព័ន្ធបទល្មើសឆបោសតាមអនឡាញនេះ រហូតឈានទៅបំបែកទីតាំងឆបោកធំៗបានយ៉ាងជោគជ័យ ដែលវាជាលទ្ធផលយ៉ាងសំខាន់ក្នុងការស្តារកិត្តិយសជាតិ និងលើកកម្ពស់ទំនុកចិត្តផ្នែកសន្តិសុខ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់កម្ពុជាឡើងវិញ។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏បានគាំទ្រទាំងស្រុងចំពោះវិធានការរបស់រាជរដ្ឋាភិបាលនេះដែរ ប៉ុន្តែលោកយល់ថា គួរតែសម្រេចបិទជាស្ថាពរតែម្តងកាន់តែប្រសើរ ដ្បិតការផ្អាកមួយរយៈនឹងអាចឱ្យសកម្មភាពនេះរស់ឡើងវិញនៅថ្ងៃក្រោយ។ សម្រាប់អ្នកជំនាញរូបនេះ ល្បែងភ្នាល់អនឡាញមិនបានផ្តល់ផលប្រយោជន៍អ្វីសោះឡើយដល់សង្គមជាតិ តែផ្ទុយទៅវិញវាបានបំផ្លាញសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងបំផ្លាញអនាគតយុវជនយ៉ាងធ្ងន់ធ្ងរផងដែរ។ លើសពីនេះ ល្បែងអនឡាញ ក៏ជាប្រភពបង្កើតឱ្យមានអំពើពុករលួយតាមរយៈការសូកប៉ាន់អាជ្ញាធរ ដើម្បីបើកដំណើរការខុសច្បាប់ជាដើម។
បើតាមការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកមិនឱ្យដំណើរការល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទាំងអស់នៅកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។ បើតាមថ្នាក់ដឹកនាំរូបនេះ នៅក្នុងចន្លោះពេលនៃការផ្អាកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងស្ថាប័នជំនាញចាប់ផ្ដើមកសាង និងពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសមូលធនមនុស្សមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងពិចារណាសម្រេចអនុញ្ញាតឡើងវិញ ខណៈកាស៊ីណូណាដែលល្មើសនឹងគោលការណ៍នេះ នឹងប្រឈមការដកអាជ្ញាបណ្ណ និងវិធានការច្បាប់ផ្សេងៗ។
គួរជម្រាបថា នៅក្នុងយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជារយៈពេលជាង១ឆ្នាំកន្លងមកនេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ក្នុងការបង្ក្រាបកាស៊ីណូ ដែលពាក់ព័ន្ធបានចំនួន២៧ ក្នុងនោះកាស៊ីណូចំនួន១៨ ត្រូវបានដកហូតអាជ្ញាបណ្ណ និងចំនួន៩ត្រូវបានព្យួរអាជ្ញាបណ្ណ។
យ៉ាងណាមិញ នៅក្នុងប្រតិបត្តិការរយៈពេលជាង១ឆ្នាំមកនេះ សមត្ថកិច្ចបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបប្រមាណជាង៣០០លានដុល្លារអាម៉េរិក ក្នុងគណនីធនាគារ រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ បច្ចុប្បន្នពុំមានទីតាំងបទល្មើសឆបោកអនឡាញទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជានោះទេ បើទោះបីជាសកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ដោយបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ ផ្ទះ រថយន្ត ឬហាងកាហ្វេជាដើម៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ