ការផ្ទុះភ្នំភ្លើង

ការផ្ទុះភ្នំភ្លើងបង្ខំឱ្យឥណ្ឌូនេស៊ីបិទព្រលានយន្តហោះជាច្រើនធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ត្រូវបានជាប់គាំង


​ប្រទេសឥណ្ឌូនេស៊ីបានប្រកាសផ្អាកជើងហោះហើរជាបណ្តោះអាសន្ននៅតាមអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗជុំវិញរដ្ឋធានីហ្សាការតា និងអាកាសយានដ្ឋានចំនួន៧ផ្សេងទៀតនៅទូទាំងប្រទេស។ ការចាត់វិធានការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីកម្ទេចផេះ និងផ្សែងពុលដែលសាយភាយចេញពីការផ្ទុះភ្នំភ្លើង អាណាក់ ក្រាកាតូ (Anak Krakatau) បានគ្របដណ្ដប់យ៉ាងក្រាស់ឃ្មឹកពេញផ្ទៃអាកាសលើរដ្ឋធានី។
ការផ្ទុះភ្នំភ្លើង
ដោយ

សារព័ត៌មាន Aljazeera បានរាយការណ៍នៅថ្ងៃទី៦ ខែកញ្ញា ថា អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ដែលស្ថិតនៅចម្ងាយជាង១៥០គីឡូម៉ែត្រកន្លែងផ្ទុះភ្នំភ្លើង និងអាកាសយានដ្ឋានជាច្រើនទៀតត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការរហូតដល់ព្រឹកថ្ងៃ ទី៧ ខែកញ្ញា នេះ។ ការសម្រេចចិត្តបិទទ្វារអាកាសទូទាំងប្រទេសនេះបានបណ្តាលឱ្យអ្នកដំណើរប្រមាណ១៧០,០០០នាក់ ត្រូវបានជាប់គាំងនៅតាមព្រលានយន្តហោះ។
ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានគូសបញ្ជាក់ថា ឥទ្ធិពលកម្ទេចផេះ និងផ្សែងខ្មៅអណ្ដែតពេញផ្ទៃអាកាសបានធ្វើឱ្យប៉ះពាល់ដល់អាកាសយានដ្ឋានរហូតដល់៨កន្លែង ដែលនាំឱ្យជើងហោះហើរសរុប១,៥៥៨ជើងត្រូវបានពន្យារពេល ឬលុបចោលទាំងស្រុង។ ក្នុងនោះជើងហោះហើរចេញ-ចូលនៅអាកាសយានដ្ឋាន Soekarno-Hatta តែមួយមានរហូតដល់ទៅជាង៩០០ជើង។
ប្រតិបត្តិការហោះហើរត្រូវបានផ្អាកទាំងស្រុងនៅតាមអាកាសយានដ្ឋានគោលដៅរួមមានអាកាសយានដ្ឋាន Husein Sastranegara ក្នុងក្រុង Bandung និងអាកាសយានដ្ឋាន Radin Inten II នៅជិតក្រុង Bandar Lampung លើកោះស៊ូម៉ាត្រាជាដើម។ ជុំវិញគ្រោះធម្មជាតិនេះលោក ឌូឌី ភើវ៉ាហ្គាន់ធី (Dudy Purwagandhi) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានបញ្ជាក់ថា អាជ្ញាធរបានរៀបចំអាកាសយានដ្ឋានក្នុងទីក្រុង Semarang និង Surabaya ធ្វើជាទីតាំងចុះចតបម្រុងសម្រាប់ករណីបន្ទាន់។
ដោយឡែករដ្ឋបាលទីក្រុងហ្សាការតា ក៏បានប្រកាសបិទទ្វារសាលារៀនទូទាំងរដ្ឋធានីនៅថ្ងៃចន្ទ នេះផងដែរ ដោយតម្រូវឱ្យសិស្សានុសិស្សផ្លាស់ប្តូរទៅរៀនតាមប្រព័ន្ធអនឡាញវិញជាបណ្តោះអាសន្នរហូតមានការជូនដំណឹងថ្មី។
យោងតាមអាជ្ញាធរឥណ្ឌូនេស៊ី ភ្នំភ្លើង Anak Krakatau ដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ បានបញ្ចេញកម្អែ និងបង្កស្នូរផ្ទុះលាន់លឺយ៉ាងកញ្ជ្រៀវដែលអាចលឺរហូតដល់ចម្ងាយ៧០០គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយម BMKG បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា គេបានប្រទះឃើញកម្ទេចផេះភ្នំភ្លើងហុយអណ្ដែតឡើងលើអាកាសក្នុងកម្ពស់រហូតដល់៦,០០០ម៉ែត្រនៅភាគខាងកើតកោះជ្វា និងផ្ទាំងផ្សែងខ្មៅងងឹតហុយឡើងដល់កម្ពស់១៥,០០០ម៉ែត្រ នៅត្រើយខាងកោះស៊ូម៉ាត្រា និងតំបន់មួយចំនួននៃខេត្ត Banten៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រកាសផ្អាកដំណើរការល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូចាប់ពីខែតុលា ខណៈអ្នកជំនាញស្នើឱ្យបិទជាអចិន្ត្រៃយ៍

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកប្រតិបត្តិការល្បែងភ្នាល់អនឡាញនៅតាមគ្រប់កាស៊ីណូទាំងអស់ទូទាំងប្រទេសចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ដើម្បីកាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ