លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងការងារសង្កេតឃើញមានសហគ្រាស ដែលបានចុះបញ្ជីក្នុងប្រព័ន្ធមួយចំនួននៅពុំទាន់បានផ្ដល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីរបបសន្តិសុខសង្គមជូនដល់កម្មករនិយោជិតរបស់ខ្លួននៅឡើយទេ។ ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់រូបនេះបានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យផ្ដល់ព័ត៌មានជាក់លាក់ចំពោះសហគ្រាស ឬគ្រឹះស្ថានណា ដែលមិនបានអនុវត្តកាតព្វកិច្ចទាំងនេះមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីក្រសួងចុះត្រួតពិនិត្យ និងចាត់វិធានការស្របតាមច្បាប់ជូនដល់កម្មករនិយោជិត ដែលបម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមសហគ្រាសដែលមានការចុះបញ្ជីត្រឹមត្រូវ។
ជាមួយគ្នានេះលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានចាត់ទុកប្រព័ន្ធគាំពារសង្គម គឺជាសំណាញ់ជួយទប់ប្រជាពលរដ្ឋ ឬក្រុមអ្នកងាយរងគ្រោះកុំឱ្យធ្លាក់ក្នុងភាពងាយរងគ្រោះកាន់តែខ្លាំង។ ទោះជាយ៉ាងណា លោកស្រី បានកត់សម្គាល់ឃើញពីគម្លាតដ៏ធំមួយដែលស្ថិតក្នុងវិស័យកសិកម្ម និងវិស័យការងារមួយចំនួនទៀត ដែលកម្មករស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពុំទាន់ទទួលបានរបបសន្តិសុខសង្គមនៅឡើយទេ។ ទន្ទឹមនឹងនេះ លោកស្រី ស្នើឱ្យរាជរដ្ឋាភិបាលគិតគូរដល់កម្មករ ដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគេទទួលបានរបបសន្តិសុខសង្គមដូចអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។
បើតាមលោកជំទាវ សុវណ្ណ វណ្ណារតន៍ គិតត្រឹមឆ្នាំ២០២៥ កន្លងទៅ កម្មករនិយោជិតក្រៅប្រព័ន្ធនៅកម្ពុជាមានអត្រាប្រមាណ៧៥% ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានគោលដៅបន្ថយអត្រាកម្មករនិយោជិតក្រៅប្រព័ន្ធពី៧៥%មក៧០% នៅត្រឹមឆ្នាំ២០២៨៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ