រូបិយវត្ថុ

ធនាគារជាតិ កំណត់យកឆ្នាំនេះរុញច្រានឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ បើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល


នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្តារ និងកសាងអធិបតេយ្យភាពសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការដើរតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំជាដើម។ ការលើកកម្ពស់រូបិយវត្ថុជាតិ មិនមែនគ្រាន់តែជាជម្រើសនោះទេ ប៉ុន្តែគឺជាភាពចាំបាច់បំផុត ដើម្បីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច និងប្រសិទ្ធភាព នៃគោលនយោបាយរូបិយវត្ថុរបស់កម្ពុជា។
រូបិយវត្ថុ
ដោយ

ក្នុងន័យនេះ ដើម្បីពង្រីកវិសាលភាព នៃប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវផែនការជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចាប់ផ្តើមអនុវត្តការបើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល ចាប់ពីឆ្នាំ២០២៦ នេះតទៅ។

នាទិវាប្រាក់រៀលខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នាថ្ងៃទី២០ ខែមីនា ឯកឧត្តម ឃឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចាត់ទុករូបិយវត្ថុជាតិ គឺជាសសរស្ដម្ភ​ដ៏សំខាន់សម្រាប់រក្សាស្ថិរភាពសេដ្ឋកិច្ច និងគាំទ្រកំណើនប្រកបដោយចីរភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយមើលឃើញពីសារសំខាន់នេះ ក៏ដូចជាដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ធនាគារជាតិនៃកម្ពុជាបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំបង្គោលក្នុងការជំរុញឱ្យគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ ប្តូរមកបើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល និងបង្កើនការផ្តល់ឥណទានជាប្រាក់រៀលដល់អតិថិជនឱ្យបានកាន់តែច្រើនជាងមុន។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថកម្ពុជា ទទួលស្គាល់ថា ការបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នាពេលបច្ចុប្បន្ន ភាគច្រើនត្រូវបានធ្វើឡើងជាប្រាក់ដុល្លារ ប៉ុន្តែក៏មានមួយចំនួនបានអនុវត្តជាប្រាក់រៀលផងដែរ។ តែយ៉ាងណាប្រធានសមាគមរូបនេះ ជឿជាក់ថា បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានឹងចាប់ផ្តើមងាកមកបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិកជាប្រាក់រៀលក្រោយមានការជំរុញពីធនាគារជាតិ នៃកម្ពុជានេះ។ បើតាមការវាយតម្លៃរបស់ប្រធានសមាគមរូបនេះ ការផ្លាស់ប្តូរមកបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិកទំនងជាមិនបង្កផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនោះទេ ដ្បិតថា អត្រាប្តូរប្រាក់រៀលរបស់កម្ពុជា មានស្ថិរភាព និងលំនឹងល្អប្រសើរគួរឱ្យកត់សម្គាល់នៅ៣០ឆ្នាំចុងក្រោយនេះ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានចាត់ទុកការប្រើប្រាស់ប្រាក់រៀលមិនមែនត្រឹមតែជាមធ្យោបាយទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាដួងព្រលឹង វប្បធម៌ និងជានិមិត្តរូបនៃអធិបតេយ្យភាពជាតិ មនសិការជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនជាអតិបរមា ដ្បិតតួនាទីរបស់ប្រាក់រៀលក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននៅមានកម្រិតនៅឡើយ​។

បើតាមធនាគារជាតិនៃកម្ពុជា ទោះបីកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់ក៏ដោយ ក៏វិស័យសាធារណៈនៅតែប្រើប្រាស់ប្រាក់រៀលជាចម្បង។ ទោះយ៉ាងណា ក្នុងសកម្មភាពមួយចំនួនដែលពាក់ព័ន្ធនឹងបរទេសការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក នៅតែមាន ហើយក៏បង្ហាញពីបញ្ហាប្រឈមមួយចំនួនដែលមានដូចជា ការសម្របសម្រួលមិនទាន់រឹងមាំ និងកង្វះទិន្នន័យ។ ទន្ទឹមនេះ ក្នុងទិសដៅដែលបាននិងកំពុងបន្ត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ប្រាក់រៀលផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និង រូបភាព សេង វិន




អត្ថបទបន្ទាប់


ក្រោយ NATO បដិសេធ លោក ត្រាំ កំពុងលួងលោមជប៉ុន ឱ្យបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រហ័រម៉ូស

នៅក្នុងជំនួបកំពូលរយៈពេល៩០នាទីនៅឯសេតវិមាន កាលពីថ្ងៃទី១៩ ខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ល…

អ្នកជំនាញហាក់គ្មានជំនឿលើរដ្ឋាភិបាលថៃថ្មីក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នោះទេ

វិវាទព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈភាគីថៃ ត្រូវបានគេមើលឃើញថា បានព្យាយាមពន្យារពេលការចរចាទ្វេភាគីក្នុងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ