រថយន្តអគ្គិសនី

អ្នកជំនាញជឿជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីនឹងដើរលឿនជាងផែនការ ក្រោយរដ្ឋបញ្ចុះពន្ធនាំចូល


​​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីភាគច្រើនមកនៅត្រឹម ០% ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ នៅចំពោះមុខការហក់ឡើងថ្លៃ នៃតម្លៃប្រេងឥន្ធនៈសកល។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា វិធានការនេះនឹងក្លាយជាកម្លាំងចលករជំរុញឱ្យសម្ទុះ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា វិវត្តទៅមុខលឿនជាងគោលដៅដែលបានគ្រោងទុក។
រថយន្តអគ្គិសនី
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការសម្រេចបញ្ចុះអត្រាពន្ធនាំចូលរថយន្តអគ្គិសនីចូលមកកម្ពុជា របស់រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈ នៃវិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នេះ គឺជាវិធានការដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើការទិញរថយន្តអគ្គសនីមកប្រើប្រាស់ និងកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងទប់ស្កាត់ហានិភ័យពីការកើនឡើងតម្លៃប្រេងសកលផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានឹងមានកំណើនខ្ពស់នាពេលអនាគត ដែលនឹងជំរុញដល់ការទាក់ទាញការវិនិយោគថ្មីៗ ដែលពាក់ព័ន្ធនឹងវិស័យនេះកាន់តែច្រើនចូលមកកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន Zo Motors Cambodia បានចាត់ទុកការសម្រេចបញ្ចុះពន្ធនាំចូលរថយន្តអគ្គិសនីមកនៅត្រឹម០%នេះ គឺជាវិធានការទាន់ពេលវេលាមួយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ ព្រមទាំងលើកកម្ពស់ដល់ការប្រើប្រាស់អគ្គិសនី ដែលផលិតនៅក្នុងស្រុកឱ្យអស់សក្តានុពល។ បើតាមអ្នកជំនាញរូបនេះ ការប្រើប្រាស់រថយន្តអគ្គិសនី មិនត្រឹមជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈប៉ុណ្ណោះទេ តែវាថែមទាំងជួយបង្កើនសមត្ថភាពក្រកួតប្រជែង និងកាត់បន្ថយថ្លៃដើមនៅក្នុងវិស័យដឹកជញ្ជូនបានមួយកម្រិតផងដែរ។ ថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះជឿជាក់ថា សម្ទុះនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានឹងមានការវិវត្តលឿនជាងផែនការដែលរដ្ឋាភិបាលបានគ្រោងទុក។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ពី១៥% មកនៅ០% និងរថយន្តអគ្គិសនីគ្រួសារប្រភេទ PHEV ពី៣៥% មកនៅត្រឹម៧% និងរថយន្តគ្រួសារប្រភេទ EV ពី៣៥% មកនៅ០% ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គសនីចុះបញ្ជីសរុបចំនួន១៤,៥៣៤គ្រឿង ក្នុងនោះរថយន្តមានចំនួន១០,៣៦៣គ្រឿង។ ជាមួយគ្នានេះនៅពីរខែដើមឆ្នាំ២០២៦ មានយានយន្តអគ្គសនីចុះបញ្ជីសរុបចំនួន១,៥៦៦គ្រឿង ក្នុងនោះរថយន្តមានចំនួន១,២៩៨គ្រឿង។ យ៉ាងណាមិញតាមរយៈគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ រាជរដ្ឋាភិបាលដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ក្នុងនោះរថយន្តអគ្គិសនីចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនី៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនីចំនួន២ម៉ឺនគ្រឿង៕




អត្ថបទបន្ទាប់


តើកម្ពុជា គួររៀបចំយន្តការបែបណា ដើម្បីទាក់ទាញមហាសេដ្ឋីពីពិភពអារ៉ាប់ឱ្យមកបោះទុនវិនិយោគ?

​​វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យក្រុមមហាសេដ្ឋីនៅតំបន់ឈូងសមុទ្រពែក្សចាប់ផ្តើមសម្លឹងរកជម្រកវិនិយោគសុវត្ថិភាពថ្មីនៅក្នុងតំបន់អាស…

ថៃ នៅតែបន្តរាយបន្លាលួសព័ទ្ធយកដីខ្មែរ ខណៈអ្នកជំនាញបន្តទទូចឱ្យកម្ពុជា ប្រើយន្តការតុលាការក្នុងការដោះស្រាយ

យោធាថៃ នៅតែបន្តប្រើប្រាស់គ្រឿងចក្រឈូសឆាយ និងរាយបន្លាលួសថ្មីៗព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យស្ថានការណ៍ជម្លោះនៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ